ដូចបានដឹងរួចមកហើយថា រុស្ស៊ីបច្ចុប្បន្នកំពុងទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរពីប្រទេសជាច្រើនជុំវិញពិភពលោក ហើយអាមេរិកហាក់ចេញមុខខ្លាំងជាងគេលើបញ្ហាមួយនេះ។
ទន្ទឹមនឹងនោះ កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានទាំងព្រមានទៅដល់សម្ព័ន្ធមិត្តរបស់រុស្ស៊ី គឺមហាអំណាចចិនទៀតថា ហាមមិនឲ្យផ្គត់ផ្គង់នូវហិរញ្ញវត្ថុ ឬក៏សព្វាវុធទៅកាន់ប្រទេសរុស្ស៊ីឲ្យសោះ សម្រាប់កាលៈទេសៈមួយនេះ ស្របពេលប្រជាជនរុស្ស៊ីជាច្រើននាក់កំពុងប្រទះនូវស្ថានភាពដ៏យ៉ាប់យ៉ឺនជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចមួយនេះ។
បើយោងតាមការអះអាងពីរបាយការណ៍ផ្លូវការពីសហរដ្ឋអាមេរិក រុស្ស៊ីបានស្នើទៅកាន់សម្ព័ន្ធមិត្តរបស់ពួកគេ គឺប្រទេសចិនសម្រាប់ជំនួយផ្នែកកងទ័ព និងផ្នែកទ្រទ្រង់សេដ្ឋកិច្ច ស្របពេលរដ្ឋាភិបាលចិនក៏ហាក់យល់ព្រមនឹងសំណើមួយនេះដូចគ្នា។
យ៉ាងណា រដ្ឋាភិបាលរុស្ស៊ីបានចេញមុខប្រកែកនឹងការចោទប្រកាន់ខាងលើ ដោយបានបញ្ជាក់ថា សហរដ្ឋអាមេរិកចេះតែចោទប្រកាន់ដោយគ្មានអំណះអំណាងច្បាស់លាស់ ស្របពេលរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចិនក៏ចេញសេចក្ដីបកស្រាយដែរ ថាព័ត៌មានខាងលើគឺមិនពិតឡើយ។
បញ្ជាក់ដែរ ការជួបចរចារវាងអ៊ុយក្រែន និងរុស្ស៊ីគឺនៅតែបន្តធ្វើឡើង ក្នុងការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់វិវាទមួយនេះ គឺនៅតែមិនទាន់អាចរកឃើញពន្លឺនៅឡើយ ពោលគឺការជួបចរចាកាលពីថ្ងៃច័ន្ទតាមរយៈ Video Call គឺមិនបានលទ្ធផលជាដុំកំភួនឡើយ៕
ប្រភព: RT