ការវាយលុករបស់រុស្ស៊ីទៅកាន់ប្រទេសអ៊ុយក្រែន គឺជាប្រធានបទដ៏ក្ដៅគគុកមួយនាពេលបច្ចុប្បន្ន ដ្បិតគ្រប់គ្នាសុទ្ធតែបារម្ភថា បើគ្មានដំណោះស្រាយជាក់លាក់នាពេលឆាប់ៗ វានឹងអាចបង្កទៅជាសង្គ្រាមលោកក៏ថាបាន។
ទន្ទឹមនឹងនោះ ដើម្បីអាចដោះស្រាយបញ្ហាខាងលើបានកាន់តែឆាប់រហ័ស មហាសេដ្ឋីអាមេរិក Elon Musk បានប្រកាសតាមបណ្ដាញសង្គម Twitter ដោយបានបបួលប្រធានាធិបតីរុស្ស៊ី Vladimir Putin វៃគ្នាមួយទល់នឹងមួយ ខណៈអ្នកឈ្នះគឺអាចកំណត់ជោគវាសនារបស់ប្រទេសអ៊ុយក្រែន។
សំណើប្រកួតគ្នារបស់ Elon Musk នៅលើបណ្ដាញសង្គម Twitter បានផ្ទុះ និងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយលោកបានសរសេរជាភាសាអង់គ្លេស និងស៊ីរីលីកដែលជាអក្សរប្រើប្រាស់ផ្លូវការនៅប្រទេសរុស្ស៊ី។
“ខ្ញុំសូមប្រកាសសុំប្រកួតជាមួយ Владимир Путин (Vladimir Putin) សម្រាប់ការប្រកួតមួយទល់នឹងមួយ ហើយអ្នកឈ្នះនឹងអាចគ្រប់គ្រង Україна (អ៊ុយក្រែន)។ តើអ្នកយល់ព្រមទទួលការប្រកួតនេះដែរទេ”។ នេះបើតាមការបង្ហោះសារនៅលើ Twitter របស់ Elon Musk។
បញ្ជាក់ដែរថា Vladimir Putin ធ្លាប់បម្រើការងារនៅកងកម្លាំងពិសេស KGB និងមានបទពិសោធន៍ជោគជាំលើក្បាច់គុនជាច្រើនប្រភេទ ខណៈទន្ទឹមនឹងនោះក៏មានមតិជាច្រើនមិនពេញចិត្តជាមួយនឹងភាពក្លាហានជ្រុលរបស់ Elon Musk ផងដែរ ដោយពួកគេបានបញ្ចេញមតិថា មហាសេដ្ឋីអាមេរិកគួរបរិច្ចាគលុយទៅកាន់ប្រជាជនអ៊ុយក្រែន ជាជាងបបួលប្រធានាធិបតីរុស្ស៊ីឡើងសង្វៀន៕
ប្រភព: 9news