បុរសដែលជាប់ងារជាមហាសេដ្ឋីមានបំផុតនៅលើលោកនាពេលបច្ចុប្បន្នគឺ មហាសេដ្ឋីអាមេរិក Elon Musk ជាមួយនឹងទំហំទ្រព្យសម្បត្តិប្រមាណជាង ២០០ ពាន់លានដុល្លារ។ នេះបើតាមការឲ្យដឹងពី Forbes។

យ៉ាងណា អ្នកជំនាញជាច្រើនរូបបានបង្ហើបឲ្យដឹងថា អ្នកមានបំផុតនៅលើលោកអាចមិនមែនជា Elon Musk តែជាប្រធានាធិបតី Vladimir Putin ជាមួយនឹងទំហំទ្រព្យសម្បត្តិយ៉ាងតិច ២០០ ពាន់លានដុល្លារ ខណៈ Kremlin អះអាងថា ប្រាក់ខែប្រចាំឆ្នាំរបស់ Putin គឺ ១៤០ ០០០ ដុល្លារ ជាមួយនឹងផ្ទះទំហំជាង ៧៤ ម៉ែត្រការ៉េ រទេះសណ្ដោងមួយ និងឡាន ៣ គ្រឿង។

បើទោះជាប្រភពខាងលើទម្លាយជាសាធារណៈចំពោះព័ត៌មានមួយនេះក៏ដោយ តែអ្នកជំនាញជាច្រើនរូបនៅតែជំនះជឿថា ក្រៅពីប្រាក់ខែប្រចាំឆ្នាំជាង ១០ ម៉ឺនដុល្លារ Putin នៅមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារទៀតដែលមិនបានបង្ហាញឲ្យពិភពលោកបានដឹង។
អំណះអំណាងដែលក្រុមអ្នកជំនាញមានកន្លងមកគឺ ភូមិគ្រឹះតម្លៃ ១ ពាន់លានផោន ដែលអាចមើលឃើញតាមរយៈ Google Maps ដែលមានឈ្មោះថា Black Sea ស្របពេលមេដឹកនាំគណបក្សប្រឆាំង និងមូលនិធិប្រឆាំងអំពើពុករលួយរបស់ Alexei Navalny បានបញ្ចេញឯកសារទាក់ទងនឹងអចលនទ្រព្យដ៏មហាសាលមួយនេះ។

នៅក្នុងឯកសារមួយនោះ លោក Alexei Navalny បានអះអាងថា Putin បានប្រើប្រាស់ភូមិគ្រឹះដ៏ស្កឹមស្កៃមួយនេះដូចជាផ្ទះផ្ទាល់ខ្លួនរបស់លោកអញ្ចឹង ខណៈការចោទប្រកាន់មួយនេះត្រូវបានប្រធានាធិបតីរុស្ស៊ីប្រកែកដាច់អហង្ការ។
ទន្ទឹមនឹងនោះ Kremlin បានចេញមុខជំទាស់ផងដែរ និងបានអះអាងថាភូមិគ្រឹះមួយខ្នងនេះគឺជាកម្មសិទ្ធិរបស់អ្នកជំនួញជាច្រើននាក់ ក៏ប៉ុន្តែស្ទើរតែមួយពិភពលោកទៅហើយយល់ថា វាពិតជាកម្មសិទ្ធិរបស់ប្រធានាធិបតីរុស្ស៊ីពិតមែន។
បើយោងតាមការអះអាងពី Fortune.com ភូមិគ្រឹះតម្លៃពាន់លានដុល្លារមួយនេះគឺមានទំហំធំខ្លាំង ខណៈការរចនាផ្នែកខាងក្នុងគឺកាន់តែស៊ីវិល័យទៅទៀត ពោលគ្រាន់តែច្រាស់ដុសបង្គន់គឺ មានតម្លៃ ៨៥០ដុល្លារ ខណៈថ្លៃថែទាំផ្នែកខាងក្រៅគឺចាយអស់ ២ លានដុល្លារ/ឆ្នាំ និងត្រូវការជួលបុគ្គលិកសំអាតប្រមាណ ៤០ នាក់។

ក្រៅពីចចាមអារ៉ាមទាក់ទងនឹងភូមិគ្រឹះដ៏ស្កឹមស្កៃខាងលើ Putin ថែមទាំងធ្លាប់ត្រូវបានគេរាយការណ៍មកទៀតថា មានយន្តហោះផ្ទាល់ខ្លួន និងយានយន្តទំនើបៗរាប់រយគ្រឿងឯណោះ។
ក្នុងនោះរួមមានដូចជា យន្តហោះ និងឧទ្ធម្ភាគចក្រប្រមាណ ៥៨ គ្រឿង ជាមួយឡានប្រហែល ៧០០ គ្រឿង ខណៈក្នុងចំណោមនោះមានយន្តហោះមួយតម្លៃ ៧១៦ លានដុល្លារ ដែលមានឈ្មោះថា The Flying Kremlin ដែលមានបង្គន់ធ្វើពីមាសសុទ្ធថែមទៀត។

ក្រៅពីយន្តហោះផ្ទាល់ខ្លួន និងយានយន្តទំនើប ប្រធានាធិបតីរុស្ស៊ីក៏លឺល្ហៀងៗមកទៀតថាមាននាវាផ្ទាល់ខ្លួនដ៏ធំសម្បើម ដែលរចនាដោយកងទ័ពជើងទឹករុស្ស៊ីដោយផ្ទាល់ជាមួយតម្លៃប្រមាណ១០០ លានដុល្លារ។

នៅមិនទាន់អស់ទេ បុរសម្នាក់នេះក៏ធ្លាប់ត្រូវបានលោកBill Browder ដែលជាវិនិយោគិនមួយរូបឧស្សាហ៍រិះគន់ Putin បង្ហើបថា លោកគឺជាអ្នកចូលចិត្តប្រមូលនាឡិកាថ្លៃៗទុក ជាក់ស្ដែងគេធ្លាប់ប្រទះឃើញ Putin ពាក់នាឡិកា Patek Philippe Perpetual Calendar ដែលមានតម្លៃ ៦ ម៉ឺនដុល្លារ ខណៈ Bill ទម្លាយទៀតថា ប្រធានាធិបតីរុស្ស៊ីនៅមាននាឡិកា A. Lange & Sohne Toubograph តម្លៃកន្លះលានដុល្លារថែមទៀត៕
ប្រភព: Walesonline