មីយ៉ាន់ម៉ា សម្រេចទទួលយករូបិយប័ណ្ណប្រាក់បាតថៃ សម្រាប់ធ្វើការទូទាត់ពាណិជ្ជកម្ម នៅតាមព្រំដែន

អន្តរជាតិ

យោងតាមក្រសួងព័ត៌មាន និងវិនិយោគ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសមីយ៉ាន់ម៉ា នឹងចាប់ផ្តើមទទួលយករូបិយប័ណ្ណប្រាក់បាតរបស់ថៃ សម្រាប់ប្រតិបតិ្តការពាណិជ្ជកម្ម នៅតាមព្រំដែន ហើយជាមួយគ្នានោះ មីយ៉ាន់ម៉ា ក៏សម្លឹងឃើញការធ្វើផែនការស្រដៀងគ្នានេះ ក្នុងការប្រើប្រាស់ប្រាក់រូពី របស់ឥណ្ឌា សម្រាប់ការធ្វើពាណិជ្ជកម្មបែបនេះផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ រដ្ឋាភិបាលដែលកំពុងគ្រប់គ្រងដោយយោធារបស់មីយ៉ាន់ម៉ា បាននិយាយរួចហើយថា ខ្លួនក៏នឹងទទួលប្រាក់យ៉ន់របស់ចិន ជារូបិយប័ណ្ណទូទាត់ផ្លូវការផងដែរ ។

ជាក់ស្តែង ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” ដោយចង់កាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក យើងនឹងកាត់បន្ថយហានិភ័យ នៃការផ្លាស់ប្តូរអត្រាកប្តូរប្រាក់ភ្លាមៗ ដោយសារតែកត្តាភូមិសាស្រ្តនយោបាយខាងក្រៅ ។ ហើយការបន្ថែមប្រតិបត្តិការរូបិយប័ណ្ណថ្មីៗនេះ អាចនឹងជួយកាត់បន្ថយអតិផរណា ដែលបណ្តាលមកពីការឡើងថ្លៃនៃប្រាក់ដុល្លារ ” ។

មិនតែប៉ុណ្ណោះ ក្រសួងបានបន្ថែមទៀតថា ការរៀបចំនេះ ក៏នឹងជួយគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចផងដែរ ហើយបើទោះបីជាតម្លៃថាមពល មានការកើនឡើងខ្លាំងក៏ដោយ ប៉ុន្តែប្រទេសមីយ៉ាន់ម៉ា កំពុងតែកត់ត្រាអំពីកំណើនផលិតផលក្នុងស្រុកសរុប “តិចតួច” នៅក្នុងឆ្នាំសារពើពន្ធ ដែលបញ្ចប់ទៅនៅខែតុលា ឆ្នាំ ២០២២ ខាងមុខ ។

គួរឱ្យដឹងផងដែរថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចុះខ្លាំង ចាប់តាំងពីយោធា បានធ្វើការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត កាលពីឆ្នាំមុន ហើយបានចាប់ផ្តើមធ្វើការបង្ក្រាបយ៉ាងព្រៃផ្សៃ ចំពោះអ្នកដែលតវ៉ាប្រឆាំង ទៅនឹងការគ្រប់គ្រងអំណាចនេះ ៕

ប្រភព: CNA