មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញថា ការរិះគន់ប្រធានាធិបតីរុស្ស៊ី Vladimir Putin តាមរយៈបណ្ដាញសង្គម Facebook និងបណ្ដាញសង្គមផ្សេងៗមានការផ្ទុះជាខ្លាំង រហូតដល់មានអ្នកខ្លះបង្ហោះសារចង់ចាប់ខ្លួន ឬក៏គម្រាមសម្លាប់ជាដើម។

ដោយសារយល់ឃើញថា ក្រុមហ៊ុន Meta បានបើកដៃឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមបញ្ចេញមតិរិះគន់យ៉ាងទូលំទូលាយសម្រាប់បញ្ហាមួយនេះ រដ្ឋាភិបាលរុស្ស៊ីបានធ្វើការបិទការប្រើប្រាស់បណ្ដាញសង្គម Facebook និងInstagram ភ្លាមៗកាលពីពេលកន្លងទៅ។

ការបិទបណ្ដាញសង្គមធំៗទាំង ២ ខាងលើនេះ បានបណ្ដាលឲ្យក្រុមហ៊ុនមេ Meta មានការខាតបង់ជាខ្លាំង ដោយសារបាត់បង់ប្រភពចំណូលស្ទើរទាំងស្រុងពីមហាអំណាចរុស្ស៊ី ខណៈបើយោងតាមការចុះផ្សាយពី Statista បានឲ្យដឹងថា ប្រជាជនរុស្ស៊ីប្រមាណ ៧០ លាននាក់មានគណនី Facebook និង ៦៣ លាននាក់កំពុងប្រើប្រាស់ Instagram។

មិនតែប៉ុណ្ណោះ ការហាមឃាត់មិនឲ្យមានការប្រើប្រាស់ Facebook និង Instagram នេះផងដែរ គឺបណ្ដាលឲ្យ Meta ខាតបង់ប្រមាណជិត ២ ពាន់លានដុល្លារ ខណៈក្រៅពី Facebook និង Instagram រុស្ស៊ីក៏កំពុងរឹតបន្តឹងចំពោះការប្រើប្រាស់បណ្ដាញសង្គមផ្សេងៗទៀតផងដែរ៕
ប្រភព: Forbes