កាលពីថ្ងៃច័ន្ទកន្លងទៅ ផ្សារហ៊ុនហុងកុងមានការធ្លាក់ចុះនៃតម្លៃភាគហ៊ុនជាខ្លាំង ដែលបណ្ដាលឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចិនជាច្រើនរូបមានការស្រកចុះជាខ្លាំង សរុបច្រើនជាង ៥៣ ពាន់លានដុល្លារឯណោះ។

ជាក់ស្ដែង អ្នកមានបំផុតនៅចិន Zhong Shanshan បានរបូតទ្រព្យសម្បត្តិប្រមាណ ៥ ពាន់លានដុល្លារ ស្របពេល CEO នៃក្រុមហ៊ុន Tenchent Holding Ltd លោក Pony Ma ក៏ខាតបង់លុយប្រមាណ ៣,៣ ពាន់លានដុល្លារផងដែរ។ នេះបើតាមការឲ្យដឹងពី Bloomberg Billionaires Index។

តម្លៃហ៊ុននៃក្រុមហ៊ុន Nongfu Spring Co. បានថយចុះដល់ ៩,៩% នៅលើផ្សារហ៊ុនហុងកុង ដែលជាការធ្លាក់ចុះខ្លាំងបំផុត តាំងពីក្រុមហ៊ុនប្រកាសលក់ភាគហ៊ុនជាសាធារណៈកាលពី ១៨ ខែមុន តែយ៉ាងណា លោក Zhong នៅតែរក្សាតំណែងជាមហាសេដ្ឋីមានបំផុតនៅចិនជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ៦០,៣ ពាន់លានដុល្លារ។

ដោយឡែក ភាគហ៊ុនរបស់ Tencent វិញក៏ធ្លាក់ចុះសម្បើមដែរ ពោលគឺ ៩,៨% កាលពីថ្ងៃច័ន្ទ ហើយវាក៏កំពុងបន្តធ្លាក់ចុះអាចនឹងទៅដល់តម្លៃទាបបំផុតកាលពីឆ្នាំ ២០១៩ ផង ស្របពេលវាបានធ្វើ្ឲ្យនាយកប្រតិបត្តិ Pony Ma ធ្លាក់មកជាមហាសេដ្ឋីមានបំផុតទី ៣ ជាមួយទ្រព្យសម្បត្តិប្រមាណ ៣៥,២ ពាន់លានដុល្លារ។

តំណែងអ្នកមានបំផុតនៅប្រទេសចិននាពេលបច្ចុប្បន្នគឺធ្លាក់ទៅលើលោក Zhang Yiming នៃក្រុមហ៊ុន ByteDance Ltd. ដែលមានទ្រព្យសម្បត្តិប្រមាណ ៤៤,៥ ពាន់លានដុល្លារ ស្របពេល Jack Ma រក្សាតំណែងជាមហាសេដ្ឋីមានបំផុតទី ៤ ជាមួយទំហំទ្រព្យប្រមាណ ៣៤ ពាន់លានដុល្លារ៕
ប្រភព: Moneyweb