ក្លិបបាល់ទាត់អេស្ប៉ាញ Real Madrid បរិច្ចាគទឹកប្រាក់ជាង ១ លានដុល្លារ ជួយដល់ជនភៀសខ្លួនអ៊ុយក្រែន

អន្តរជាតិ

យោងតាមថា្នក់ដឹកនាំរបស់ក្របខ័ណ្ឌកំពូលអេស្ប៉ាញ La Liga បាននិយាយកាលពីថ្ងៃពុធ ទី ១៦ មីនា ថា ក្លិប Real Madrid នឹងបរិច្ចាគទឹកប្រាក់ ១ លានអឺរ៉ូ ឬ ១,១ លានដុល្លារ ដើម្បីជួយដល់ជនភៀសខ្លួន នៅអ៊ុយក្រែន បន្ទាប់ពីការលុកលុយពីសំណាក់កងទ័ពរុស្ស៊ី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ក្លិប Real បាននិយាយថា មូលនិធិនេះ នឹងត្រូវបានបរិច្ចាគ ទៅឱ្យកាកបាទក្រហម រួមទាំងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងអង្គការរផ្សេងទៀត ដែលធ្វើការនៅប្រទេសអ៊ុយក្រែន ។

យ៉ាងណា UNHCR បាននិយាយថា រហូតមកដល់ពេលនេះ ជនភៀសខ្លួន ប្រហែល ២,៩៧ លាននាក់ បានជម្លៀសចេញពីប្រទេសអ៊ុយក្រែន ដែលស្មើនឹង ៧% នៃប្រជាជនសរុបរបស់ប្រទេសនេះ ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ី ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៤ កុម្ភៈមក ។

គួរឱ្យដឹងផងដែរថា ក្រៅពីក្លិបយក្សរបស់ប្រទេសអេស្ប៉ាញនេះ ក្លិបនៅក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ក៏បានបង្ហាញការគាំទ្ររបស់ពួកគេ ចំពោះប្រទេសអ៊ុយក្រែនផងដែរ ជាមួយនឹងការបង្ហាញគ្រប់រូបភាព តាមដែលអាចធ្វើទៅបាន ដូចជាការឈរ​សញ្ជឹង​ស្ងៀម​មុនចាប់ផ្តើមការប្រកួត ក៏ដូចជាសរសេរសាលើផ្ទាំងប៉ាណូ រួមទាំងមានពាក់ស្លាកដៃពណ៌ខៀវ និងលឿង ដើម្បីតំណាងទង់ជាតិរបស់អ៊ុយក្រែនផងដែរ ៕

ប្រភព: CNA