កាលពីខែមុន តំណែងជាមហាសេដ្ឋីមានបំផុតប្រចាំប្រទេសឥណ្ឌា គឺមានការប្រកួតប្រជែងខ្លាំងរវាងលោក Mukesh Ambani និង Gautam Adani យ៉ាងស្វិតស្វាញ តែចុងក្រោយ Ambani នៅតែរក្សាងារជាស្ដេចត្រាញ់កំពូលនៅឥណ្ឌាជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ១០៣ ពាន់លានដុល្លារ ខណៈ Adani ឈរលេខ ២ មានទ្រព្យសម្បត្តិប្រមាណ ៨១ ពាន់លានដុល្លារ។

ថ្វីបើមិនបានជាប់ងារជាមហាសេដ្ឋីមានបំផុតនៅឥណ្ឌាក្ដី តែ Adani នៅតែទទួលបានឈ្មោះជាបុគ្គលរកចំណូលបានច្រើនបំផុតកាលពីឆ្នាំទៅ ជាមួយនឹងទំហំលុយប្រមាណ ៤៩ ពាន់លានដុល្លារ ឬប្រហែល ៨០០ លានដុល្លារក្នុងមួយសប្ដាហ៍។ នេះបើតាមការឲ្យដឹងពី M3M Hurun។

ប្រភពខាងលើបន្ថែមទៀតថា Ambani បានឈរនៅបញ្ជី Top 10 មហាសេដ្ឋីមានបំផុតនៅលើលោក ខណៈ Adani គឺឈរនៅលេខរៀងទី ១២ ទូទាំងសកលលោក។

ក្រៅពីបុគ្គលទាំង ២ ខាងលើ មហាសេដ្ឋីឥណ្ឌាច្រើននាក់ទៀតក៏កំពុងស្ថិតនៅចំណុចកំពូលនៃវិស័យផ្សេងៗទៀតផងដែរ ជាក់ស្ដែងសម្រាប់វិស័យសុខាភិបាល Cyrus Poonawalla គឺជាអ្នកមានបំផុតដែលជាម្ចាស់ក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេលើលោកជាមួយទំហំទ្រព្យសម្បត្តិ ២៦ ពាន់លានដុល្លារ ខណៈ Kumar Mangalam Birla ជាអ្នកមានបំផុតផ្នែកផលិតស៊ីម៉ងត៍លើលោកជាមួយទ្រព្យសម្បត្តិប្រមាណ ១៨ ពាន់លានដុល្លារ៕
ប្រភព: economictimes