សង្គ្រាមរវាងមហាអំណាចរុស្ស៊ី ជាមួយនឹងប្រទេសអ៊ុយក្រែននៅតែបង្ហាញសញ្ញាក្ដៅគគុកនៅឡើយ ស្របពេលកន្លងទៅអាមេរិកធ្លាប់បង្ហាញក្ដីបារម្ភពីការចូលខ្លួននៃជនទី ៣ ពោលគឺខ្លាចចិនដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីនឹងចូលរួមក្នុងសង្គ្រាមមួយនេះ។
យ៉ាងណា ក្ដីបារម្ភខាងលើអាចនឹងលែងជាបញ្ហាតទៀត បន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំអ៊ុយក្រែន លោក Fan Xianrong បានទម្លាយឲ្យដឹងថា មហាអំណាចចិននឹងមិនបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនជាដាច់ខាត។
“ចិននឹងមិនវាយប្រហារទៅលើអ៊ុយក្រែនជាដាច់ខាត ហើយពួកយើងនឹងជួយជាពិសេសទៅលើផ្នែកសេដ្ឋកិច្ច ដូចដែលបានឃើញស្រាប់នៅក្នុងស្ថានការណ៍មួយនេះ គឺពួកយើងធ្វើតាមកាលៈទេសៈ”។ នេះបើតាមសម្ដីរបស់លោក Fan Xianrong ប្រាប់ទៅកាន់លោក Maksym Kozytsky ប្រមុខរដ្ឋបាលយោធាក្នុងតំបន់ Lviv នៅក្នុងកិច្ចប្រជុំ។
“ចិនគឺជាប្រទេសដែលមានសម្ព័ន្ធមិត្តល្អជាមួយនឹងប្រជាជនអ៊ុយក្រែន ហើយក្នុងនាមជា ឯកអគ្គរដ្ឋទូត ខ្ញុំហ៊ានអះអាងថា និងទទួលខុសត្រូវនូវពាក្យសម្ដីរបស់ខ្ញុំ ដែលថា ចិននឹងនៅតែជាកម្លាំងចលករយ៉ាងសំខាន់មួយសម្រាប់ប្រទេសអ៊ុយក្រែនទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ”។
បញ្ជាក់ដែរថា លោក Fan បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នស្ថានទូតចិនប្រចាំអ៊ុយក្រែនបានលើកមូលដ្ឋានទៅកាន់ទីក្រុង Lviv ជាបណ្ដោះអាសន្ន ស្របពេលលោក Qin Gang ឯកអគ្គរដ្ឋទូតចិនប្រចាំអាមេរិកបានទម្លាយឲ្យដឹងថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមិនបានផ្ដល់ប្រយោជន៍ដល់ចិនឡើយ គឺមានតែប៉ះពាល់ធ្ងន់ធ្ងរ ដូច្នេះវាគ្មានហេតុផលអីដែលចិនត្រូវចូលរួមវាយអ៊ុយក្រែនឡើយ៕
ប្រភព: CNN