កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសឥណ្ឌា បានពង្រីកការផ្តល់ជូនឥណទានចំនួន ១ ពាន់លានដុល្លារ ដល់ប្រទេសស្រីលង្កា ដែលកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារតែកង្វះការប្តូររូបិយប័ណ្ណបរទេស ។
ជាក់ស្តែង ការផ្តល់កម្ចីសម្បទានរយ:ពេលខ្លីនេះ នឹងត្រូវបានផ្តល់ដោយធនាគារដ្ឋនៃប្រទេសឥណ្ឌា ក្រោមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំង ២ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុស្រីលង្កា លោក Basil Rajapaksa នៅប្រទេសឥណ្ឌា ។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោក S Jaishankar ដែលមានវត្តមាននៅក្នុងការចុះកិច្ចព្រមព្រៀងនេះ បានសរសេរនៅលើ Tweet មួយថា ” គិតដល់អ្នកជិតខាងមុនគេ ។ ប្រទេសឥណ្ឌានឹងឈរជាមួយស្រីលង្ការ ហើយខ្សែឥណទាន ១ ពាន់លានដុល្លារ ដែលបានចុះហត្ថលេខានេះ គឺសម្រាប់ការផ្គត់ផ្គង់ទំនិញសំខាន់ៗ ” ។
គួរឱ្យដឹងផងដែរថា ជំនួយនេះ គឺដើម្បីជួយឱ្យស្រីលង្កា អាចនាំចូលស្បៀងអាហារ ប្រេងឥន្ធន: រួមទាំងទំនិញសំខាន់ៗ និងថ្នាំពេទ្យ ពីប្រទេសឥណ្ឌា ។
បញ្ជាក់ទៀតថា ទុនបំរុងប្តូរប្រាកបរទេសរបស់ប្រទេសស្រីលង្កា បានធ្លាក់ចុះ ៧០% ក្នុងរយ:ពេលពីរឆ្នាំមកនេះ មកនៅត្រឹមប្រហែល ២,៣១ ពាន់លានដុល្លារប៉ុណ្ណោះ ដែលធ្វើឱ្យប្រទេសនេះ ជួបប្រទះភាពពិបាកខ្លាំង ក្នុងការចាយវាយលើការនាំចូលទំនិញ ពីក្រៅប្រទេស ៕
ប្រភព: IndianExpress