ទោះ​បាត់បង់​មហាសេដ្ឋី ១៦០ នាក់​កាលពី​ឆ្នាំទៅ តែ​ចិន​នៅ​តែ​ជា​ប្រទេស​សំបូរ​អ្នកមាន​បំផុត​លើ​លោក

អន្តរជាតិ

បើ​យោង​តាម​ការ​ចុះផ្សាយ​ពី​ Hurun Global Rich List ដែល​បាន​សិក្សា​និង​តាមដាន​រាល់​សកម្មភាព​របស់​មហាសេដ្ឋី​លើ​ពិភពលោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំទៅ ២០២១ ប្រទេស​ចិន​បាន​បាត់បង់​មហាសេដ្ឋី​ដល់​ទៅ ១៦០ នាក់ ដោយសារ​គំនាប​សេដ្ឋកិច្ច និង​ច្បាប់​នយោបាយ​ថ្មី​របស់​រដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“​មហាសេដ្ឋី​ចិន​ជាច្រើន​រូប បាន​ជួប​ប្រទះ​នូវ​ផល​វិបាក​ជាច្រើន​កាលពី​ឆ្នាំ​ទៅ ដោយ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី ៩ នាក់​ក្នុង​ចំណោម​អ្នកមាន​បំផុត​ទាំង ១០ បាន​ធ្លាក់ចុះ​ជាច្រើន ខណៈ ១៦០ នាក់​ផ្សេងទៀត បាន​របូត​ងារ​ជា​មហាសេដ្ឋី​ពី Hurun Rich List”។ នេះ​បើ​តាម​សម្ដី​របស់​ស្ថាបនិក Hurun និង​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ Rupert Hoogewerf បាន​និយាយ។

ជាក់ស្ដែង កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ចិន​ធ្លាក់ចុះ​យ៉ាង​គំហុក​បែបនេះ គឺ​ដោយសារ​រដ្ឋាភិបាល​បាន​ពង្រឹង​សុវត្ថិភាព​ផ្នែក​ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-Commerce) ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​យក្ស​នៃ​វិស័យ​មួយ​នេះ​ដូចជា Alibaba និង Pinduoduo មាន​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ។

អ្នក​ដែល​រង​ការ​ខាតបង់​ខ្លាំង​បំផុត​ផ្អែក​តាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ Hurun គឺ​ស្ថាបនិក​របស់​ក្រុមហ៊ុន Pinduoduo ផ្ទាល់​តែម្ដង ដោយ​ទ្រព្យសម្បត្តិ​របស់​លោក Coling Huang បាន​ធ្លាក់​ពី ៦៩ ពាន់​លាន​ដុល្លារ​មក​សល់​មិន​ដល់ ២០ ពាន់​លាន​ដុល្លារ​ផង ខណៈ​តម្លៃ​ហ៊ុន​របស់​ពួកគេ​ធ្លាក់​ដល់​ទៅ ៣០%។

យ៉ាងណា បើ​ទោះ​ជា​កាលពី​ឆ្នាំ​ទៅ ចិន​បាត់បង់​មហាសេដ្ឋី​ដល់​ទៅ ១៦០ នាក់​ក្ដី តែ​បើ​តាម​ស្ថិតិ​ថ្មី​បំផុត​របស់ Hurun បាន​បញ្ជាក់​ថា ពួកគេ​នៅ​តែ​ជា​ប្រទេស​មាន​អ្នកមាន​បំផុត​លើ​លោក​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំងអស់ បន្ទាប់​ពី​មាន​មហាសេដ្ឋី​ថ្មី ៧៥ រូប​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​មហាសេដ្ឋី​សរុប​នៅ​ចិន​មាន​ប្រមាណ ១ ១៣៣ នាក់ ឬ​ប្រមាណ ៣៤% នៃ​មហាសេដ្ឋី​លើ​លោក ៣ ៣៨១ នាក់៕

ប្រភព: Fortune