ទាំងសហភាពអឺរ៉ុប និងប្រទេសលោកខាងលិចជាច្រើនកំពុងសម្រុកដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី រួមទាំងប្រជាជនរុស្ស៊ីដែលជាម្ចាស់អាជីវកម្មធំៗនៅលើពិភពលោក ក្នុងគោលបំណងតែមួយគត់ គឺដើម្បីឲ្យប្រធានាធិបតី Vladimir Putin បញ្ឈប់ការវាយប្រហារទៅលើអ៊ុយក្រែន។

យ៉ាងណា មហាសេដ្ឋី Mikhail Fridman ដែលជាម្ចាស់ធនាគារ Alpha Bank និងជាមហាសេដ្ឋីមានបំផុតមួយរូបនៅរុស្ស៊ីបានអះអាងថា ការធ្វើបែបនេះមិនមែនជាដំណោះស្រាយ និងគ្មានបានផលឡើយ ហើយផ្ទុយទៅវិញ វាកាន់តែបញ្ឆេះអារម្មណ៍ Putin មិនអាចបញ្ឈប់សង្គ្រាមនេះបានទៀតផង។

ស្ដេចត្រាញ់ខាងលើបាននិយាយថា៖ “បើសិនជាសហភាពអឺរ៉ុបយល់ឃើញថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី អាចធ្វើឲ្យមហាសេដ្ឋីដូចខ្ញុំស្នើឲ្យលោក Putin បញ្ឈប់សង្គ្រាមនោះ ខ្ញុំបារម្ភថា ពួកយើងគឺធ្លាក់ទៅក្នុងស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនជាមិនខាន”។
“អ្វីដែលខ្ញុំកាន់តែបារម្ភគឺ អ្នកដែលគិតថា ការធ្វើបែបនេះអាចបញ្ឈប់សង្គ្រាម គឺបានបង្ហាញថា ពួកគេមិនយល់ពីរុស្ស៊ីសូម្បីតែមួយចំណែកតូច ហើយនេះគឺពិតជារឿងគ្រោះថ្នាក់បំផុតនៅថ្ងៃអនាគត”។

បន្ថែមពីនោះ មហាសេដ្ឋីខាងលើបានជំនះថា សហភាពអឺរ៉ុបបានបរាជ័យក្នុងការគ្រប់គ្រងស្ថានការណ៍ និងមិនអាចកំណត់ពីឥទ្ធិពលដែលប្រធានាធិបតី Putin មាននៅក្នុងដៃ ហើយបានបញ្ជាក់ទៀតថា ទណ្ឌកម្មសេដ្ឋកិច្ចដែលរុស្ស៊ីកំពុងជួបពេលនេះ គឺមិនមែនជាឧបសគ្គធំដុំសម្រាប់Putin ឡើយ។

ជាចុងក្រោយ លោក Fridman បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ “ឥទ្ធិពលដែល Putin កំពុងមាន គឺមានភាពខុសគ្នាឆ្ងាយដូចមេឃ និងដី បើប្រៀបទៅនឹងមនុស្សឯទៀតនៅលើសកលលោក”។
ចុះប្រិយមិត្តអ្នកអានវិញ យល់ឃើញបែបណាដែរ? តើទណ្ឌកម្មសេដ្ឋកិច្ចដែលពិភពលោកកំពុងដាក់ទៅលើរុស្ស៊ី ពិតជាមិនអាចបញ្ឈប់មហិច្ឆតារបស់ប្រធានាធិបតី Putin មែនឬយ៉ាងណា?
ប្រភព: News