ធនាគារអភិវឌ្ឍន៍អាស៊ី សន្យាជួយដល់ឥណ្ឌូនេស៊ី ក្នុងការប្តូររដ្ឋធានីថ្មី ដែលគ្រោងចាយអស់ ៣២ ពាន់លានដុល្លារ

អន្តរជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងជួយដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីរៀបចំផែនការបង្កើតរដ្ឋធានីថ្មី មានឈ្មោះថា Nusnatara ដែលជាទីក្រុងផ្តោតសំខាន់ទៅលើបរិស្ថាន និងការរួបរួម ហើយគ្រោងនឹងចំណាយទឹកប្រាក់ក្នុងការសាងសង់ប្រមាណ ៣២ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ADB នឹងជួយដល់អាជ្ញាធរជាតិ Nusantara National Capital Authority (NNCA) ក្នុងការរចនាទីក្រុងថ្មី ក៏ដូចជាធ្វើការវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន និងសង្គម រួមទាំងជួយគៀងគរហិរញ្ញប្បទានពីវិស័យសាធារណ: និងឯកជន ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ទីក្រុងថ្មីមួយនេះផងដែរ ។

គួរឱ្យដឹងផងដែរថា NNCA ដែលជាទីភ្នាក់ងាររដ្ឋាភិបាល ក៏នឹងទទួលបន្ទុកក្នុងរៀបចំផែនការ និងសាងសង់រាជធានីថ្មី រួមទាំងធ្វើការត្រួតពិនិត្យ ចំពោះការផ្លាស់ប្តូររបស់រដ្ឋាភិបាលពីទីក្រុង Jakarta ទៅកាន់ទីក្រុងថ្មី Nusantara នេះ ទៀតផង ។

មិនតែប៉ុណ្ណោះ អនុប្រធាន ADB ប្រចាំអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក Ahmed M. Saeed បាននិយាយក្នុងការអំឡុងបំពេញទស្សនកិច្ចរយ:ពេល ៤ ថ្ងៃ របស់គាត់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ថា ” ADB ទន្ទឹងរង់ចាំជួយដល់ផែនការ សម្រាប់ការផ្លាស់ប្តូររដ្ឋធានីជាប្រវត្តិសាស្រ្ត នៃប្រទេសឥណ្ឌូនេស៊ី ពីទីក្រុង Jakarta ទៅកាន់ទីក្រុង Nusantara ។ ចំពោះការអភិវឌ្ឍន៍ទីក្រុងថ្មីស្រឡាងនេះ នឹងផ្តល់នូវឱកាសពិសេសមួយ ក្នុងការបញ្ចូលគំនិតថ្មីៗ ដូចជាការធ្វើឱ្យទីក្រុងមួយនេះ ក្លាយទៅជាទីក្រុងមានភាពរីករាយ និងមានប្រសិទ្ធភាពក្នុងការរស់នៅ ក៏ដូចជាធ្វើការ និងលេងកម្សាន្តផងដែរ ។ ADB នឹងចែករំលែកមេរៀនអន្តរជាតិ ដើម្បីជួយដល់ NNCA ក្នុងការរចនា និងផ្តល់មូនិធិ ក្នុងការសាងសង់រដ្ឋធានីថ្មីនេះផងដែរ ” ។

បញ្ជាក់ផងដែរថា ADB បានបេ្តជ្ញាចិត្ត ក្នុងការសម្រេចបាននូវភាពរីកចម្រើន រួមបញ្ចូល ភាពធន់ និងនិរន្តរភាពនៃប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ខណ:ពេលដែលការរក្សានិរន្តរភាព គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយរបស់ ADB ក្នុងការលុបបំបាត់ភាពក្រីក្រ ។ ដោយបង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះ ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ នាក់ មកពី ៤៩ តំបន់ ៕

ប្រភព: ADB