Suzuki គ្រោងចាយលុយជាង ១ ពាន់លានដុល្លារ វិនិយោគលើរថយន្តអគ្គិសនី នៅរោងចក្រក្នុងប្រទេសឥណ្ឌា

អន្តរជាតិ

កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនជប៉ុន Suzuki Motor បាននិយាយថា ខ្លួនគ្រោងនឹងធ្វើការវិនិយោគ ១០៤,៤ ពាន់លានរូពី ឬ ១,៣៧ ពាន់លានដុល្លារ នៅក្នុងរោងចក្រ នៅឯប្រទេសឥណ្ឌា ដើម្បីផលិតរថយន្តអគ្គិសនី និងអាគុយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង នេះជាផែនការរថយន្ត EV ដ៏សំខាន់ដំបូងគេ ដែលប្រកាសដោយ Maruti Suzuki សម្រាប់ប្រទេសឥណ្ឌា ក្នុងគោលបំណង ដើម្បីតម្រង់ទិស ជាមួយនឹងយុទ្ធសាស្រ្តរបស់ប្រទេសនេះ ក្នុងការកាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើប្រេងឥន្ធន: និងកាត់បន្ថយការបំពុលខ្យល់ នៅក្នុងទីក្រុងធំៗផងដែរ ។

ក្រុមហ៊ុនប្រចាំនៅក្នុងប្រទេសឥណ្ឌា បាននិយាយថា Suzuki Motor Gujarat Private នឹងធ្វើការវិនិយោគ ចំនួន ៣១ ពាន់លានរូពី នៅឆ្នាំ ២០២៥ សម្រាប់ការបង្កើនសមត្ថភាពផលិតកម្ម ក្នុងការផលិតអាគុយ EV និង ៧៣ ពាន់លានរូពីផ្សេងទៀត សម្រាប់ការសាងសង់រោងចក្រអាគុយរថយន្តអគ្គិសនី ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Tata Motors គឺជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីដ៏ធំបំផុត ក្នុងប្រទេសឥណ្ឌា ជាមួយនឹងក្រុមហ៊ុនគូប្រជែង Mahindra & Mahindra និងក្រុមហ៊ុនផលិតម៉ូតូអគ្គិសនី TVS Motor ដែលកំពុងមានគម្រោងចង់ពង្រីងអាជីវកម្មទៅលើរថយន្ត EV ផងដែរ ៕

ប្រភព: WNCY