សង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសជិតខាងអ៊ុយក្រែននៅតែបន្ត ខណៈការចរចាកន្លងមកនៅមិនទាន់អាចរកដំណោះស្រាយណាមួយសមស្របក្នុងការបញ្ឈប់ការឈ្លានពានមួយនេះបាននៅឡើយ។

ទន្ទឹមនឹងនោះ អង្គការសិទ្ធិមនុស្សអន្តរជាតិបានប្រកាសកាលពីថ្ងៃច័ន្ទនេះថា បើសិនជាសង្គ្រាមនៅតែអូសបន្លាយ នោះស្ថានការណ៍នឹងកាន់តែអាក្រក់ទៅៗ ហើយវានឹងរីករាលដាលធំឡើងៗ ជាក់ស្ដែងបច្ចុប្បន្ន ប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងកំពុងទទួលរងឥទ្ធិពលសង្គ្រាមមួយនេះបណ្ដើរៗហើយ។

“សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីគឺកំពុងធ្វើឲ្យការផ្គត់ផ្គង់ចំណីអាហារ ជាពិសេសគឺផលិតផលកសិកម្មនៅប្រទេសជាច្រើននៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងធ្លាក់ក្នុងស្ថានការណ៍ដ៏យ៉ាប់យ៉ឺនមួយ ខណៈតម្លៃចំណីអាហារក៏កើនឡើង ស្របពេលភាពក្រីក្រក៏កាន់តែអាក្រក់ទៅៗ”។

ជាក់ស្ដែង ប្រភពខាងលើបានបន្ថែមទៀតថា រដ្ឋាភិបាលអ៊ុយក្រែនបានសម្រេចចិត្តបញ្ឈប់ការនាំចេញចំពោះផលិតផលផ្នែកកសិកម្មរាប់បញ្ចូលទាំងស្រូវសាលី ពោត គ្រាប់ធញ្ញជាតិ អំបិល និងសាច់កាលពីថ្ងៃទី ០៩ មីនាមកម៉្លេះ។
មិនតែប៉ុណ្ណោះអង្គការសិទ្ធិមនុស្ស HRW បានបញ្ជាក់យ៉ាងច្បាស់ថា បើទោះជាបញ្ហាផ្គត់ផ្គង់មួយនេះអាចដោះស្រាយបានឆាប់ៗក្ដី តែបញ្ហាបែបនេះនឹងអូសបន្លាយយូរទៀត ដ្បិតកសិកររាប់ពាន់ម៉ឺននាក់បានរត់ភៀសខ្លួន ដោយសារសង្គ្រាម ខណៈសម្ភារៈធ្វើដំណាំទាំងនោះក៏បានកំទេចនៅក្នុងហេតុការណ៍នេះទៀត ដូច្នេះបើសង្គ្រាមនៅតែអូសបន្លាយនោះ វិបត្តិចំណីអាហារនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនឹងធ្លាក់ក្នុងស្ថានការណ៍ដ៏ពិបាកមួយ។

បញ្ជាក់បន្តិចថា រុស្ស៊ី និងអ៊ុយក្រែនមានចំណែកយ៉ាងធំក្នុងការនាំចេញស្រូវសាលីលើទីផ្សារអន្តរជាតិ ពោលប្រទេសទាំង ២ នាំចេញរហូតដល់ ៣០% ឯណោះទូទាំងពិភពលោក៕
ប្រភព: CNN