បើយោងតាមរបាយការណ៍ចុះផ្សាយដោយ Hurun កាលពីពេលថ្មីៗនេះ អំពីបញ្ជីឈ្មោះមហាសេដ្ឋីទូទាំងពិភពលោកប្រចាំឆ្នាំ ២០២២ យើងឃើញថា ប្រទេសចិនជាប្រទេសសំបូរមហាសេដ្ឋីជាងគេ ដោយទីក្រុងធំៗ ៣ គឺ Beijing, Shanghai និង Shenzhen ក៏ជាប់ជាទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនបំផុតដូចគ្នា។
ប្រភពខាងលើបានបញ្ជាក់ទៀតថា ចិនមានមហាសេដ្ឋីសរុប ១ ១៣៣ នាក់ ខណៈសហរដ្ឋអាមេរិកឈរនៅលេខ ២ មានចំនួន ៧១៦ នាក់ ខណៈកំណើននៃមហាសេដ្ឋីនៅចិនមានល្បឿនលឿនជាងអាមេរិកដល់ទៅ ៣ ដងឯណោះ។
យ៉ាងណា បើទោះជាមហាអំណាចនៅអាស៊ីមួយនេះមានមហាសេដ្ឋីច្រើនបំផុតលើលោកមែន តែបើបូកសរុបទ្រព្យសម្បត្តិរបស់បុគ្គលទាំងនោះ គឺនៅតែមិនអាចស៊ីដាច់សហរដ្ឋអាមេរិក ពោលស្ថិតិបង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីអាមេរិកមានរហូតដល់ ៣២% នៃទ្រព្យសម្បត្តិមហាសេដ្ឋីទាំងអស់លើលោក ខណៈចិនមានត្រឹម ២៧% បើទោះជាមានមហាសេដ្ឋីច្រើនជាង ១ ពាន់នាក់ក្ដី។
បន្ថែមពីនោះ លោក Rupert Hoogewerf ដែលជាប្រធានក្រុមហ៊ុន និងជាប្រធានផ្នែកស្រាវជ្រាវនៅ Hurun Report បានបញ្ជាក់ឲ្យដឹងទៀតថា ភាពខុសគ្នាខ្លាំងរវាងមហាអំណាចទាំង ២ នេះគឺ ឥទ្ធិពលសេដ្ឋកិច្ច។
ជាការពិត បើសិនជាក្រឡេកទៅមើលទំហំមូលធនទីផ្សាររបស់ក្រុមហ៊ុនធំបំផុត ៤ នៅអាមេរិកគឺ Apple, Microsoft, Amazon និង Alphabet គឺមានតម្លៃស្មើទៅនឹងក្រុមហ៊ុនកំពូល ៥០០ នៅប្រទេសចិន។
ប្រធានក្រុមហ៊ុនខាងលើក៏បានអះអាងដែរថា ប្រភពចំណូលដ៏ធំរបស់មហាសេដ្ឋីចិនគឺភាគច្រើនបានមកពី វិស័យអចលនទ្រព្យ ផលិតផលឧស្សាហកម្ម និងផលិតផលថែរក្សាសុខភាព ខណៈមហាសេដ្ឋីអាមេរិកគឺ ផ្នែកផ្ដល់សេវាកម្មបច្ចេកវិទ្យា សេវាកម្មហិរញ្ញវត្ថុ និងផ្នែកកម្សាន្តនានា៕
ប្រភព: Axios