Warren Buffett ឡើង​តំណែង​​ជា​អ្នក​មាន​បំផុត Top 5 ក្រោយ​កើន​ទ្រព្យ​ជាង ១០០ ពាន់​លាន​ដុល្លារ

អន្តរជាតិ

បិតា​វិនិយោគិន Warren Buffett បាន​ហក់​ឡើង​ដល់​តំណែង​ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក Top 5 ម្ដង​ទៀត បន្ទាប់​ពី​តម្លៃ​នៃ​ហ៊ុន​របស់ Berkshire Hathaway មាន​ការ​កើនឡើង​ខ្ពស់​កប់​ក្ដោង​នៅ​រយៈពេល​ចុងក្រោយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជា​លទ្ធផល ទ្រព្យសម្បត្តិ​របស់​បុរស​វ័យ ៩១ ឆ្នាំ កើន​បាន​ដល់​ទៅ ១៤,៨% ដែល​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​សរុប​មាន​ប្រមាណ ១២៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ដែល​ជួយ​ឲ្យ​លោក​ជាប់​ឈ្មោះ​ជា​អ្នកមាន​បំផុត​លើ​លោក​ទី ៥ នៅ​ក្នុង​បញ្ជី​ឈ្មោះ​របស់ Bloomberg Billionaires Index។

ខណៈ​ទ្រព្យសម្បត្តិ​របស់​ Buffett កំពុង​កើន​ខ្លាំង​បែបនេះ តែ​មហាសេដ្ឋី​ផ្នែក​បច្ចេកវិទ្យា​ដូចជា​ Elon Musk និង Jeff Bezos ជាដើម​ បែរ​ជា​របូត​លុយ​ជាច្រើន​ពាន់​លាន​ទៅ​វិញ ជាក់ស្ដែង​ប្រធាន​ក្រុមហ៊ុន SpaceX របូត​ទ្រព្យ ១៧,៣% ខណៈ​ស្ថាបនិក Amazon ខាត​អស់ ៥,៤%។

រហស្សនាម​ជា​បិតា​វិនិយោគិន មិនមែន​គ្រាន់តែ​សំញែង​គេ​ឡើយ ដោយ​កាលពី​សប្ដាហ៍​មុន Berkhire Hathaway បាន​ជះ​លុយ​ទិញ​ភាគហ៊ុន​ប្រមាណ ៣០ លាន​ហ៊ុន​នៃ​ក្រុមហ៊ុន Occidental Petroleum ដែល​ជា​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន។

ហើយ​កិច្ចព្រមព្រៀង​នៃ​ការ​ទិញ​ភាគហ៊ុន​នោះ​គឺ​មាន​តម្លៃ​ប្រមាណ ១,៦ ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់ Warren Buffett ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​មួយ​នៅ​ Occidental Petroleum ដែល​កាន់កាប់ ១៤,៦% ឬ​មាន​ប្រមាណ ១៣៦,៤ លាន​ហ៊ុន​នៅ​ក្នុង​ដៃ។

បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ថ្ងៃ ២១ មីនា ២០២២ មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ទាំង ៥ គឺ Elon Musk, Jeff Bezos, Bernard Arnault, Bill Gates និង Warren Buffett៕

ប្រភព: Thenationalnews