ដូចប្រិយមិត្តបានដឹងរួចមកហើយថា បច្ចុប្បន្នប្រទេសជាច្រើនជុំវិញពិភពលោក ជាពិសេសគឺតំបន់អឺរ៉ុប និងប្រទេសលោកខាងលិចកំពុងសម្រុកដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី និងក្រុមមហាសេដ្ឋីរុស្ស៊ីយ៉ាងចាស់ដៃ។
តែស្របពេលដែលប្រទេសជាច្រើនកំពុងនាំគ្នាដាក់គំនាបសេដ្ឋកិច្ចទៅកាន់ប្រជាជនរុស្ស៊ី ក៏នៅមានប្រទេសខ្លះនៅចាំទទួលស្វាគមន៍ពួកគេដូចគ្នា ជាក់ស្ដែងសហព័ន្ធអារ៉ាប់រួមគឺកំពុងឈរនៅចំណុចអព្យាក្រឹត្យ ស្របពេលទីក្រុងឌូបៃគឺជាកន្លែងមួយដែលគេរាយការណ៍មកថា ក្រុមមហាសេដ្ឋីកំពុងនាំគ្នាភៀសខ្លួនទៅទីនោះ ដើម្បីគេចពីទណ្ឌកម្មសេដ្ឋកិច្ចនានា។
ជាការពិត ឌូបៃគឺមានភាពល្បីរន្ទឺដោយសារសំណង់អចលនទ្រព្យដ៏ស្កឹមស្កៃនៅទីនោះ ដូច្នេះបើទោះជាមិនមែនដោយសារការរត់ភៀសខ្លួន ក៏ទីក្រុងអ្នកមានមួយនេះនៅតែអាចអូសទាញអ្នកជំនួញធំៗមកបានយ៉ាងស្រួល។
ខាងក្រោមនេះគឺជាតម្លៃអាផាតមិននៅតំបន់ថ្លៃបំផុតទាំង ៧ នៅទីក្រុងឌូបៃ ដែលលឺល្ហៀងៗមកថា ជាកន្លែងប្រមូលផ្ដុំបុគ្គលលំដាប់អភិជនទាំងក្នុងតំបន់ និងក្រៅតំបន់៖
- អគារខ្ពស់បំផុតលើលោក Burj Khalifa មាន ៩០០ អាផាតមិន តម្លៃចាប់ពីជិត ៣ សែនដុល្លារ ដល់ជិត ៧ លានដុល្លារ
- តំបន់ Dubai Marina មានអាផាតមិនរាប់ពាន់ តម្លៃចាប់ពី ១,៣ សែនដុល្លារ ដល់ ៥,៤ លានដុល្លារ
- តំបន់ Jumeirah Beach Residence មានទីតាំងនៅក្បែរ Marina ខណៈតម្លៃចាប់ពី ២,២៧ សែនដុល្លារ ដល់ ៣,៥ លានដុល្លារ
- កោះ Palm Jumeirah ចំណាយថវិកាសាងសង់កោះសិប្បនិមិត្តមួយនេះគឺអស់ ១២ ពាន់លានដុល្លារ ខណៈតម្លៃ អាផាតមិននៅទីនោះមានចាប់ពី ២ សែនដុល្លារ ដល់ ១១ លានដុល្លារ
- តំបន់ Emirates Hills ដែលជាទូទៅគេនិយមហៅ Beverly Hills of Dubai ដែលមានវីឡាប្រមាណជាង ៦០០ តម្លៃប្រហែល ១៣,៦ លានដុល្លារ/ខ្នង
- តំបន់ Business Bay គឺជាតំបន់អគារពាណិជ្ជកម្មធំមួយប្រចាំទីក្រុង ដែលអាផាតមិននៅតំបន់នេះមានតម្លៃចាប់ពី ១,៨ សែនដុល្លារ ដល់ ១០,៨ លានដុល្លារ
- តំបន់អភិវឌ្ឍន៍ Dubai International Financial Center ដែលជាទីផ្សារហិរញ្ញវត្ថុដ៏ធំប្រមូលផ្ដុំអ្នកជំនួញមកពីច្រើនតំបន់ ខណៈតម្លៃខុនដូប្រណីតនៅទីនោះមានចាប់ពី ១,១ លានដុល្លារឡើងទៅ៕
ប្រភព: Yahoo