ក្រុមហ៊ុននៅសហភាពអឺរ៉ុប ដែលរងគ្រោះដោយសារទណ្ឌកម្មរុស្ស៊ី អាចទទួលបានជំនួយជាង ៤ សែនដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនសហភាពអឺរ៉ុប (EU) ដែលបានរងផលប៉ះពាល់ ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងទៅនឹងប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន នឹងអាចទទួលបានជំនួសពីរដ្ឋរហូតដល់ ៤ សែនអឺរ៉ូ ឬ ជាង ៤៤ ម៉ឺនដុល្លារ ។ យ៉ាងណានេះបើយោងតាមឯកសាររបស់គណ:កម្មការអឺរ៉ុប ដែលបង្ហាញដោយសារសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង នៅក្នុងឯកសារនេះ បាននិយាយថា ក្រុមហ៊ុនដែលស្ថិតនៅក្នុងវិស័យកសិកម្ម នេសាទ និងវារីវប្បកម្ម អាចទទួលបានរហូតដល់ទៅ ៣៥ ០០០ អឺរ៉ូ ដែលជាជំនួយដោយផ្ទាល់ រួមបញ្ចូលទាំងអត្ថប្រយោជន៍ពន្ធ និងការទូទាត់ ក៏ដូចជាការធានាផងដែរ ។

គួរឱ្យដឹងផងដែរថា ជំហានថ្មី ដើម្បីបន្ធូរបន្ថយច្បាប់ជំនួយរបស់រដ្ឋនាពេលនេះ ដើម្បីជួយសម្រួលដល់ក្រុមហ៊ុនរាប់ពាន់ ដែលប្រឈមមុខនឹងការរំខាន ដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពោលគឺដូចគ្នាទៅនឹងកាលពីពីរឆ្នាំមុនដែរ នៅពេលដែលនាយកប្រតិបត្តិសហភាពអឺរ៉ុប បានបន្ធូរបន្ថយច្បាប់ ដើម្បីជួយដល់អាជីវកម្ម ដែលរងគ្រោះដោយសារកូវីដ ១៩ ។

មិនតែប៉ុណ្ណោះ ឯកសារខាងលើ បាននិយាយទៀតថា ក្រុមហ៊ុនដែលរងគ្រោះដោយសារតែការកើនឡើងនៃតម្លៃឧស្ម័ន និងអគ្គិសនី អាចទទួលបានជំនួយ មិនលើសពី ៣០% នៃការចំណាយអតិបរមា ២ លានអឺរ៉ូ ។

បន្ថែមពីនេះ ក្រុមហ៊ុន ដែលប្រឈមមុខនឹងបញ្ហាសាច់ប្រាក់ អាចស្នើសុំការធានាជាសាធារណ: សម្រាប់ប្រាក់កម្ចីរបស់ពួកគេ រហូតដល់ ១៥% នៃចំណូលប្រចាំឆ្នាំជាមធ្យម ក្នុងរយ:ពេលបិទគណនេយ្យ ៣ លើកចុងក្រោយ ឬ ៥០% នៃថ្លៃថាមពលក្នុងរយ:ពេលមួយឆ្នាំ ។

លើសពីនេះ ឯកសារនេះបាននិយាយថាក្រុមហ៊ុន EU ដែលមានបញ្ហា​លំហូរ​សាច់ប្រាក់ ក៏អាចស្នើសុំប្រាក់កម្ចីឧបត្ថម្ភធនបានផងដែរ ៕

ប្រភព: US News

Tagged