ប្រធានាធិបតី Joe Biden ព្រមានម្ចាស់អាជីវកម្ម ឱ្យបង្កើនប្រព័ន្ធការពារ ជុំវិញការវាយប្រហារតាមអ៊ីនធឺណិតពីរុស៊្សី

អន្តរជាតិ

ថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានធ្វើការព្រមានអំពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត របស់រុស្ស៊ី ដែលកំពុងតែមានការកើនឡើងខ្លាំង ហើយបានជំរុញឱ្យម្ចាស់ជីវកម្មអាមេរិក រៀបចំដើម្បីបង្កើននូវវិធានការ ការពារភ្លាមៗ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” ប្រសិនបើអ្នកមិនទាន់ធ្វើការការពារទេ ខ្ញុំជំរុញឱ្យដៃគូក្នុងវិស័យឯកជនរបស់យើង ពង្រឹងការការពារតាមប្រព័ន្ធអ៊ីនធឺណិតរបស់អ្នកជាបន្ទាន់ “​។

មិនតែប៉ុណ្ណោះ លោក Biden បានលើកឡើងអំពី ការវិវត្តចុងក្រោយ នៃវិធីសាស្រ្តដ៏មានសក្តានុពល ដែលរដ្ឋាភិបាលរុស្ស៊ី កំពុងព្យាយាមប្រើប្រាស់ សម្រាប់ធ្វើការវាយប្រហារតាមអ៊ីនធឺណិត ដែលនេះគឺជាការឆ្លើយតប ទៅនឹងការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ជុំវិញការចាប់ផ្តើមសង្រ្គាមរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ទៅលើប្រទេសអ៊ុយក្រែន ។

លើសពីនេះ លោក Biden បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក នឹងបន្តប្រើប្រាស់រាល់ឧបករណ៍ ដើម្បីធ្វើការរារាំង និងរំខាន ដើម្បីជាការឆ្លើយតប ទៅនឹងវាយប្រហារតាមអ៊ីនធឺណិត ដែលប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។

តែទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីរូបនេះ បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងសហរដ្ឋអាមេរិក គឺស្ថិតនៅក្រោមកម្មសិទ្ធិ និងដំណើរការដោយអង្គភាពឯកជន ដូច្នេះហើយទើបរដ្ឋាភិបាល មានតែធ្វើការជំរុញ និងស្នើសុំ ឱ្យម្ចាស់ និងប្រតិបត្តិករទាំងនោះ ត្រូវតែពន្លឿន កិច្ចខិតខំប្រឹងប្រែង ដើម្បីចាក់សោរទ្វារប្រព័ន្ធឌីជីថលរបស់ពួកគេ ឱ្យបានរឹងមាំជាទីបំផុត ។

បន្ថែមពីនេះ ​លោក Biden បានប្រាប់កិច្ចប្រជុំមួយ របស់មេកដឹកនាំធុរកិច្ចអាមេរិកថា រុស្ស៊ី មានសមត្ថភាពខ្លាំងចំពោះការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដ៏ទំនើប ហើយការវាយប្រហារតាមប្រព័ន្ធនេះ គឺជាយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្រ្តផ្សេងទៀត ដែលប្រធានាធិបតី លោក Vladimir Putin ទំនងប្រើ ដើម្បីជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ៕

ប្រភព: Bangkok Post