អ្នកមាន​បំផុត​នៅ​អាហ្វ្រិក​បើក​រោងចក្រ​ផលិត​ជី​តម្លៃ ២,៥ ពាន់​លាន​ដុល្លារ ត្រៀម​ប្រជែង​ទីផ្សារ​អន្តរជាតិ

អន្តរជាតិ

យោង​តាម​ការ​ចុះផ្សាយ​ពី Reuters បាន​ឲ្យ​ដឹងថា មហាសេដ្ឋី​ជនជាតិ​នីហ្សេរីយ៉ា Aliko Dangote បាន​ប្រកាស​ពី​គម្រោង​នៃ​ការ​បង្កើត​រោងចក្រ​ផលិត​ជី​កាលពី​ថ្ងៃអង្គារ​កន្លង​ទៅ ជាមួយ​គម្រោង​ចំណាយ​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលបំណង​នៃ​ការ​បង្កើត​រោងចក្រ​នេះ​មក គឺ​ដើម្បី​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ ក៏​ដូចជា​ផ្គត់ផ្គង់​តម្រូវការ​នៅ​ក្នុង​ស្រុក​ផង​ដែរ ខណៈ​ជំហាន​ដំបូង Dangote បាន​បង្ហើប​ថា ចង់​នាំចេញ​ទៅ​កាន់ទីផ្សារ​ប្រទេស​ប្រេស៊ីល ដែល​ពឹង​ផ្អែកខ្លាំង​ទៅលើ​ប្រទេស​រុស្ស៊ី​សម្រាប់​ការនាំចូល​ជី ស្របពេល​គោលដៅ​បន្ទាប់​គឺ សហរដ្ឋអាមេរិក ឥណ្ឌា និង​ម៉ិកស៊ិក។

ការ​ពង្រីក​អាជីវកម្ម​លើ​វិស័យ​ជី​របស់​ Dangote គឺ​ធ្វើឡើង​ស្របពេល​តម្លៃ​ជី​ជុំវិញ​ពិភពលោក​កំពុង​មាន​ការ​កើនឡើង​ខ្ពស់ ខណៈ​តម្រូវការ​ក៏​កំពុង​មាន​ខ្លាំង​ដូចគ្នា ជាពិសេស​បន្ទាប់​ពី​រុស្ស៊ី​វាយ​ប្រហារ​អ៊ុយក្រែន បាន​ធ្វើ​ឲ្យ​ការ​នាំចេញ​ជី​កាលពី​ខែមុន​មាន​ភាព​រអាក់រអួល​ជា​ខ្លាំង។

ដោយឡែក បើ​យោង​តាម​ការ​អះអាង​ពី ប្រធានាធិបតី​ Muhammadu Buhari បាន​ឲ្យ​ដឹង​ថា រោងចក្រ​ជី​របស់​មហាសេដ្ឋី​មាន​បំផុត​នៅ​អាហ្វ្រិក​អាច​ផលិត​បាន​ដល់ ៣ លាន​តោន​ក្នុង​មួយ​ឆ្នាំ និង​ធានា​បាន​សម្រាប់​ការ​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​ធំៗ​ទូទាំង​អនុ​តំបន់​សាហារ៉ា​អាហ្វ្រិក។

បញ្ជាក់​ដែរ​ថា បើ​តាម​ការ​អះអាង​ពី​ធនាគារ​ពិភពលោក ប្រទេស​នីហ្សេរីយ៉ា​ប្រើប្រាស់​ជី​ត្រឹម ២០ គីឡូក្រាម​ប៉ុណ្ណោះ​សម្រាប់​ផ្ទៃ​ដី​មួយ​ហិកតា​ក្នុង​ឆ្នាំ ២០១៨ ដែល​ខុសគ្នា​ដាច់​ពី​អាហ្វ្រិកខាងត្បូង​ប្រើ ៧៣ គីឡូក្រាម និង​ចិន​ដែល​ប្រើ​ជិត ៤០០ គីឡូក្រាម។

ផ្អែក​តាម​ទិន្នន័យ​ខាងលើ យើង​អាច​ដឹង​បាន​ថា ការ​ផ្គត់ផ្គង់​ជី​នៅក្នុង​ប្រទេស​នីហ្សេរីយ៉ា​គឺ​មាន​ចំនួន​កំណត់​តិច​មែនទែន ស្របពេល​តម្លៃ​ជី​បច្ចុប្បន្ន​កំពុង​ឡើង​ថ្លៃ​ផង​ ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​តំបន់​កាន់តែ​មានភាព​លំបាក​ក្នុង​ការ​ដាំដុះ​ផល​ដំណាំ​របស់​ពួកគេ។

ដូច្នេះ​ហើយ​ប្រជាជន​នីហ្សេរីយ៉ា​ជាច្រើន​រំពឹង​ថា រោងចក្រ​ជី​របស់ Dangote នឹង​អាច​ក្លាយ​ជា​កត្តា​សំខាន់​មួយ​ជួយ​សម្រួល​ដល់​បញ្ហា​របស់​ប្រជាកសិករ​នៅក្នុង​ប្រទេស និង​អាច​ពន្លឿន​វិស័យ​កសិកម្ម​ផង​ដែរ ដ្បិត​វិស័យ​កសិកម្ម​នៃ​ប្រទេស​មួយ​នេះ​គឺ​ក្ដោបក្ដាប់​ ២០% សម្រាប់​ GDP សរុប៕

ប្រភព: Marketscreener