ក្នុងពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានប្រកាសអំពីកិច្ចព្រមព្រៀងថ្មីមួយ ជាមួយចក្រភពអង់គ្លេស ដើម្បីបិទបញ្ចប់វិញ នូវការយកពន្ធទៅលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដែលធ្លាប់ត្រូវបានអនុម័តដោយអតីតប្រធានាធិបតី លោក Donald Trump ។
ជាក់ស្តែង លោកស្រី Gina Raimondo រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” តាមរយ:ការអនុញ្ញាត ឱ្យមាននាំចូលដែកថែប និងអាលុយមីញ៉ូមដោយមិនគិតពន្ធពីចក្រភពអង់គ្លេស យើងនឹងអាចកាត់បន្ថយគម្លាតរវាងការផ្គត់ផ្គង់ និងតម្រូវការ សម្រាប់ផលិតផលប្រភេទទាំងនេះ នៅក្នុងសហរដ្ឋអាមេរិក “ ។
លោកសង្កត់ធ្ងន់ទៀតថា ” ចំពោះការសម្រេចចិត្ត ក្នុងការដកពន្ធ ដែលជាការសងសឹកទៅចក្រភពអង់គ្លេសនេះ យើងនឹងបើកទីផ្សារសម្រាប់អង់គ្លេសឡើងវិញ ចំពោះផលិតផល ដែលប្រជាជនអាមេរិកចូលចិត្តបំផុត ” ។
គួរឱ្យដឹងផងដែរថា កិច្ចព្រមព្រៀងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយ របស់ប្រធានាធិបតី Joe Biden ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយប្រទេសសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក ដែលមួយចំនួន មានជម្លោះរយ:ពេលយូរមកហើយ និងខ្លះទៀត ទើបតែចាប់ផ្តើម នៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Trump ។
បន្ថែមពីនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ កាលពីខែមករា បានប្រកាសពីការចាប់ផ្តើម ធ្វើការចរចាដើម្បីបញ្ចប់ជម្លោះ ដែលបានកើតមាននៅក្នុងឆ្នាំ ២០១៨ នៅពេល ដែលលោក Trump បានដាក់ពន្ធរហូតដល់ ២៥% ទៅលើដែកថែប និង ១០% លើការនាំចូលអាលុយមីញ៉ូមពីចក្រភពអង់គ្លេស និងប្រទេសផ្សេងទៀត ក្នុងបំណងការពារឧស្សាហកម្មរបស់សហរដ្ឋអាមេរិក ៕
ប្រភព: Bangkok Post