ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឱ្យក្រុមហ៊ុនរបស់ប្រទេសបារាំង រួមទាំងក្រុមហ៊ុនផលិតរថយន្ត Renault , ផ្សារទំនើប Auchan និងហាងលក់រាយ DIY Leroy Merling ដកខ្លួនចេញពីប្រទេសរុស្ស៊ី ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ទៅកាន់សភាបារាំង នៅក្នុងសប្តាហ៍នេះ ។
ជាក់ស្តែង លោក Zelensky បាននិយាយរយ:ពេល ១៥ នាទី ពីទីស្នាក់ការរបស់ខ្លួន តាមរយ:វីដេអូថា ” ក្រុមហ៊ុនបារាំង ត្រូវតែចាកចេញពីទីផ្សាររបស់រុស្ស៊ី។ ជាពិសេសក្រុមហ៊ុន Renault , Auchan , Leroy Merlin និងក្រុមហ៊ុនផ្សេងទៀត ត្រូវតែបញ្ឈប់ការឧបត្ថម្ភទៅកាន់រុស្ស៊ី ដើម្បីធ្វើសង្គ្រាមតទៅទៀត ” ។
គួរឱ្យដឹងថា វត្តមានរបស់ក្រុមបារាំងជាង ៥០០ ដែលនៅតែបន្តមានវត្តមានក្នុងប្រទេសរុស្ស៊ី បានក្លាយជាប្រធានបទដ៏ចម្រូងចម្រាសកាន់តែខ្លាំងឡើង នៅក្នុងប្រទេសបារាំង ចំពេលមានការទាមទារពីក្រុមហ៊ុនមួយចំនួន ដើម្បីឱ្យពួកគេ ចូលរួមក្នុងការធ្វើពហិការ ដើម្បីប្រឆាំងទៅប្រទេសរុស្ស៊ី ដូចគ្នាទៅនឹងក្រុមហ៊ុនរបស់អាមេរិក និងអង់គ្លេសដែរ ។
បញ្ជាក់ថាក្រុមហ៊ុន Renault ដែលគ្រប់គ្រងដោយរដ្ឋមួយផ្នែក បានផ្អាកការផលិតរបស់ពួកគេ នៅរោងចក្រ ជិតទីក្រុងម៉ូស្គូ កាលពីខែមុន បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ប៉ុន្តែយ៉ាងណា វាត្រូវបានគេរាយការណ៍ថាក្រុមហ៊ុននេះ បានបន្តការផលិតរបស់ខ្លួនឡើងវិញហើយ ។
ចំណែកឯហាងលក់ទំនិញរាយធំៗរបស់បារាំង ដូចជា Auchan , Leroy Merlin និងក្រុមហ៊ុនសម្ភារកីឡា Decathlon គឺមិនបានចូលរួមប្រឆាំងនឹងប្រទេសរុស្ស៊ី តាមម៉ាកយីហោរបស់ប្រទេសលោកខាងលិចធំៗ ដូចជា McDonalds ឬ Coca-Cola នោះឡើយ ។
បន្ថែមពីនេះ ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់បារាំង TotalEnergies ដែលពីមុនស្គាល់យ៉ាងទូលំទូលាយថា Total បាននិយាយថាខ្លួន នឹងនៅតែបន្តទិញឧស្ម័នពីរុស្ស៊ី ប៉ុន្តែនឹងបញ្ឈប់ទិញប្រេង ក៏ដូចជាផលិតផលប្រេងផ្សេងទៀត របស់រុស្ស៊ី នៅចុងឆ្នាំនេះ ៕
ប្រភព: France24