ថៃ នឹងហាមឃាត់ការប្រើប្រាស់ទ្រព្យសកម្មឌីជីថល ជាការទូទាត់ ចាប់ពីខែមេសាទៅ

អន្តរជាតិ

យោងតាមនិយតករទីផ្សារ បាននិយាយកាលពីថ្ងៃពុធ ទី ២៣ ខែមីនា ថា ប្រទេសថៃបានចេញច្បាប់រួចរាល់ហើយ ដើម្បីហាមប្រាមការប្រើប្រាស់ទ្រព្យសកម្មឌីជីថល ជាការទូទាត់ថ្លៃទំនិញ និងសេវាកម្ម ចាប់ពីថ្ងៃទី ១ ខែមេសា តទៅ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង សេចក្តីប្រកាសនេះ គឺស្របទៅតាមការភិភាក្សាកាលពីមុនៗ រវាងគណ:កម្មការមូលបត្រ (SEC) និងធនាគារកណ្តាលថៃ (BOT) ស្តីពីតម្រូវការ ក្នុងការគ្រប់គ្រងសកម្មភាពជួញដូររូបិយប័ណ្ណឌីជីថល ពីសំណាក់បណ្តាក្រុមហ៊ុននានា ព្រោះថាវាអាចប៉ះពាល់ ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស និងសេដ្ឋកិច្ចទាំងមូលទៀតផង ។

មិនតែប៉ុណ្ណោះ ស្ថាប័នខាងលើបានបញ្ជាក់ទៀតថា ក្រុមហ៊ុនដែលប្រើប្រាស់ទ្រព្យសកម្មឌីជីថល ដើម្បីធ្វើការទូទាត់ គឺត្រូវតែគោរពតាមច្បាប់ថ្មី ក្នុងរយ:ពេលតិចជាង ៣០ ថ្ងៃ ចាប់ពីថ្ងៃដែលច្បាប់នេះចូលជា​ធរមាន​ ។

គួរឱ្យដឹងផងដែរថា ធនាគារកណ្តាលថៃ ធ្លាប់បាននិយាយម្តងហើយម្តងទៀត ថានឹងមិនគាំទ្រចំពោះរូបិយប័ណ្ណគ្រីបតូ ដើម្បីប្រើប្រាស់ធ្វើជាការទូទាត់នោះទេ ខណ: BOT នឹងធ្វើសន្និសីទសង្ខេបស្តីពីគោលការណ៍ណែនាំ ព្រមទាំងបទប្បញ្ញត្តិ សម្រាប់ទ្រព្យសកម្មឌីជីថល ។

ទន្ទឹមនឹងនេះ នៅក្នុងខែមករា និយតករ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏បានព្រមានក្រុមហ៊ុនហិរញ្ញវត្ថុ មិនឱ្យផ្តល់ និងសម្រួលដល់ការលក់កាក់គ្រីបតូ ចំពេលមានការកើនឡើង នៃការប្រើប្រាស់រូបិយប័ណ្ណប្រភេទនេះ ៕

ប្រភព: CNA