សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនកំពុងបង្កការព្រួយបារម្ភជាខ្លាំងដល់ពិភពលោក ដ្បិតគ្រប់គ្នាបារម្ភថា បើស្ថានការណ៍នៅតែស្ថិតនៅសភាពតានតឹងបែបនេះមិនថមថយ វាអាចនឹងបណ្ដាលឲ្យកើតមានសង្គ្រាមលោកក៏ថាបាន។

ខណៈពិភពលោកកំពុងបារម្ភពីបញ្ហាមួយនេះ ស្រាប់តែកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ កូរ៉េខាងជើងបានធ្វើការបាញ់បង្ហោះនូវគ្រាប់មីស៊ីលរយៈចំងាយថ្មីមួយគ្រាប់ ដែលមានឈ្មោះកាត់ ICBM ក្នុងលក្ខខណ្ឌសាកល្បង ដែលខកខានអស់រយៈពេលច្រើនជាង ៤ ឆ្នាំ។

ការបាញ់បង្ហោះនេះផងដែរ បានធ្វើឲ្យប្រទេសលោកខាងលិចជាច្រើនបើកការប្រជុំជាបន្ទាន់ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខពិភពលោក ស្របពេលអ្នកជំនាញជាច្រើនបានសន្និដ្ឋានថា ការបាញ់បង្ហោះសាកល្បងគ្រាប់មីស៊ីលមួយគ្រាប់របស់កូរ៉េខាងជើង គឺមានបំណងចង់ប្រាប់ពិភពលោកថា ប្រធានាធិបតី Kim Jong Un នៅតែមានឥទ្ធិពលខ្លាំងក្លាលើវិស័យយោធា។

“កូរ៉េខាងជើងអាចនឹងមិនឈរអោបដៃមើលចំពោះស្ថានការណ៍បច្ចុប្បន្នឡើយ ពោលពួកគេនឹងឆ្លៀតឱកាសនៅចំណុចណាមួយចូលរួមសង្គ្រាមអ៊ុយក្រែន ដើម្បីបង្ហាញពីអានុភាពនៃរដ្ឋនុយក្លេអ៊ែរ”។ នេះបើតាមសម្ដី របស់ Leif-Eric Easley សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Ewha Womans University បានប្រាប់ទៅកាន់ CNN។

សាស្ត្រាចារ្យខាងលើបន្ថែមទៀតថា៖ “កូរ៉េខាងជើងមិនអាចធ្វើឲ្យពិភពលោកមានការព្រួយបារម្ភខ្លាំងដូចរុស្ស៊ីឈ្លានពានអ៊ុយក្រែនឡើយ តែមហិច្ឆតានៃការចង់ពង្រីកខ្លួនក្រោមហេតុផលការពារជាតិរបស់ពួកគេគឺ ពិតជាចង់ផ្ដួលរលំសណ្ដាប់ធ្នាប់សន្តិសុខនៅអាស៊ីក្រោយសង្គ្រាមពិតមែន”៕
ប្រភព: CNN