អតីត​ប្រធានាធិបតី​រុស្ស៊ី​ទម្លាយ​ថា ទោះ​ទណ្ឌកម្ម​សេដ្ឋកិច្ច​កម្រិត​ណា ក៏​រុស្ស៊ី​មិន​ឈឺក្បាល​ដែរ

អន្តរជាតិ

ដូច​បាន​ដឹង​រួច​មកហើយ​ថា បច្ចុប្បន្ន​មហាសេដ្ឋី​រុស្ស៊ី​រាប់​រយ​នាក់​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានការណ៍​ដ៏​យ៉ាប់យ៉ឺន​មួយ គឺ​ប្រទេស​ជាច្រើន​ទាំង​នៅ​តំបន់អឺរ៉ុប និង​លោកខាងលិច​កំពុង​សម្រុក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​ពួកគេ ដោយសារ​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលហេតុ​ដែល​លោកខាងលិច និង​តំបន់​អឺរ៉ុប​ពួតដៃ​គ្នា​ដាក់​គំនាប​សេដ្ឋកិច្ច​ទៅ​លើ​រុស្ស៊ី គឺ​រំពឹង​ថា នឹង​អាច​ឲ្យ​ប្រធានាធិបតី Vladimir Putin ពិចារណា​បញ្ឈប់​ការវាយប្រហារ​ទៅ​លើ​ប្រទេស​ជិតខាង​មួយ​នេះ​។

យ៉ាងណា គោលគំនិត​ខាងលើ​គឺ​ត្រូវបាន​បដិសេធ​ទាំងស្រុង​ពី​សំណាក់​អតីត​ប្រធានាធិបតី​រុស្ស៊ី Dmitry Medvedev ដោយ​លោក​បាន​អះអាង​ថា ទោះ​ពិភពលោក​ខំ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​រុស្ស៊ី​កម្រិត​ណា ក៏​មហាអំណាច​មួយ​នេះ​មិន​ឈឺក្បាល​ជាមួយ​ឡើយ។

លោក​ថែម​ទាំង​និយាយ​ថា ការ​ដែល​ជឿ​ថា​ទណ្ឌកម្ម​សេដ្ឋកិច្ច​អាច​បង្អាក់​ដំណើរ​របស់​រុស្ស៊ី គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​បំផុត ដ្បិត​មហាសេដ្ឋី និង​អ្នកជំនួញ​ធំៗ​រុស្ស៊ី​មិនមែន​ជា​កម្លាំង​សំខាន់​របស់​រដ្ឋាភិបាល​រុស្ស៊ី​ឡើយ ហើយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​នោះ​ទៀត​សោត វា​កាន់តែ​ធ្វើ​ឲ្យ​សង្គម​រុស្ស៊ី​រឹងមាំ​ជាងមុន។ នេះ​បើ​តាម​ការ​អះអាង​របស់ Medvedev ទៅកាន់ RIA។

“​ឥឡូវ​ខ្ញុំ​សុំ​សួរ​អ្នករាល់គ្នា​មួយ តើ​មហាសេដ្ឋី​អស់​ទាំងនោះ​មាន​ចំណែក​សំខាន់​ប៉ុនណា​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ជួយ​អ្វី​បាន​ខ្លះ​ដល់​ថ្នាក់​ដឹកនាំ​ជាតិ? ចម្លើយ​គឺ ពួកគេ​មិន​បាន​ជួយ​អ្វីឡើយ”។ នេះ​បើ​តាម​សម្ដី​របស់​អតីត​ប្រធានាធិបតី​រុស្ស៊ី​ប្រាប់​នៅក្នុង​បទសម្ភាសន៍៕

ប្រភព: AFR