ក្រុមហ៊ុនជប៉ុន Eneos គ្រោងដកខ្លួនចេញពីគម្រោងហ្គាស Yetagun របស់មីយ៉ាន់ម៉ា ចំពេលមានការរិះគន់ខ្លាំង

អន្តរជាតិ

ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់ជប៉ុន Eneos Holdings កំពុងមានបំណងដកខ្លួនចេញ ពីគម្រោងឧស្ម័ន នៅទីតាំងបូម Yetagun របស់មីយ៉ាន់ម៉ា ដើម្បីឆ្លើយតបទៅនឹង “បញ្ហាសង្គម” ចំពេលមានការរិះគន់ថា គម្រោងនេះ កំពុងផ្តល់មូនិធិដល់របបយោធាផ្តាច់ការរបស់មីយ៉ាន់ម៉ា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ការប្រកាសនេះ បានកើតឡើង បន្ទាប់ពីក្រុមហ៊ុន Petronas ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុន Mitsubishi Corp របស់ប្រទេសជប៉ុន បាននិយាយកាលពីខែមុនថា ពួកគេបានដកខ្លួនចេញពីគម្រោងមួយនេះ ដែលជាការចាកចេញចុងក្រោយបង្អស់របស់ក្រុមថាមពលបរទេស ចាប់តាំងពីមានរដ្ឋប្រហារយោធា កាលពីឆ្នាំមុនមក ។

យ៉ាងណា អ្នកនាំពាក្យរបស់ Eneos បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា ” យើងកំពុងតែពិនិត្យ និងពិភាក្សាជាមួយដៃគូអាជីវកម្មរបស់យើង អំពីវិធានការ ដែលអាចធ្វើទៅបាន ក្នុងការបិទអាជីវកម្មក្នុងប្រទេសមីយ៉ាន់ម៉ា ដោយផ្អែកទៅលើស្ថានភាពបច្ចុប្បន្ន ដើម្បីដោះស្រាយលើបញ្ហាសង្គម និងសក្តានុពលអាជីវកម្ម ” ។

មិនតែប៉ុណ្ណោះ កាលពីថ្ងៃសុក្រ សារព័ត៌មាន Nikkei bussiness daily បាននិយាយថាក្រុមហ៊ុន Eneos នឹងដកខ្លួនចេញពីអាជីវកម្មរបស់ខ្លួន នៅមូលដ្ឋានបូមឧស្ម័ន Yetagun ចំពេលមានការរិះគន់ថា គម្រោងនេះ បានផ្តល់មូនិធិ ដល់របបយោធា ដែលកំពុងកាន់អំណាច ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនបុត្រសម័ន្ធរបស់ Petronas គឺ PC Myanmar (Hong Kong) Ltd កាន់កាប់ភាគហ៊ុនច្រើនជាងគេ ពោលគឺ ៤០,៥% នៅទីតាំង Yetagun ខណ:ក្រុមហ៊ុន Myanma Oil and Gas Enterprise កាន់កាប់ ២០,៥% ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនសម្ព័ន្ធជប៉ុន ដែលដឹកនាំដោយរដ្ឋាភិបាល និងក្រុមហ៊ុន Eneos JX Nippon Oil & Gas Exploration មានភាគក្នុងដៃ ១៩,៣ % ស្របពេលភាគហ៊ុនដែលនៅសេសសល់ផ្សេងទៀត គ្រប់គ្រងដោយក្រុមហ៊ុនថាមពលថៃ PTTEP International Ltd ៕

ប្រភព: Bangkok Post