កាលពីថ្ងៃទី ២៥ មីនាកន្លងទៅ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី Mario Draghi បានបង្ហើបឲ្យដឹងថា លោករំពឹងថារុស្ស៊ីនឹងយល់ព្រមអង្គុយចរចាពីការទទួលយកសន្តិភាព មុនពេលសង្គ្រាមអាចធ្វើឲ្យអ៊ុយក្រែនខាតបង់ប្រយោជន៍ខ្លាំងជាងនេះ។

“មធ្យោបាយដែលល្អបំផុតក្នុងការបង្ហាញថា អ្នកពិតជាចង់បានសន្តិភាព គឺផ្អាកការវាយប្រហារ និងអង្គុយចរចាតាមបែបធម្មតា។ បើអ្នកមិនធ្វើដូច្នេះ នោះមានន័យថា អ្នកមានចេតនាចង់បង្កសង្គ្រាម”។ នេះបើតាមសម្ដីរបស់នាយករដ្ឋមន្ត្រីអ៊ីតាលីបាននិយាយ។

“ខ្ញុំជឿថា ការជួបចរចាដោយសន្តិភាពនឹងកើតមាននៅពេលឆាប់ៗនេះ តែខ្ញុំក៏សង្ឃឹមថា វានឹងកើតឡើង មុនពេលអ៊ុយក្រែនរងគ្រោះខ្លាំងជាងនេះ”។

បញ្ជាក់ដែរថា លោក Draghi បានអះអាងថា បច្ចុប្បន្នលោកកំពុងមានគម្រោងជួបចរចាជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ជុំវិញបញ្ហាដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ខណៈកាលបរិច្ឆេទនៃជំនួបមួយនោះមិនទាន់បញ្ជាក់ច្បាស់នៅឡើយ៕
ប្រភព: Usnews