ដ្បិតទណ្ឌកម្មសេដ្ឋកិច្ចដែលពិភពលោកបានដាក់ទៅលើរុស្ស៊ី ហាក់មិនមានឥទ្ធិពលធ្ងន់ធ្ងរក៏ពិតមែន តែវាក៏អាចជាឱកាសមាសមួយដល់ប្រទេសឯទៀតនៅលើវិស័យពាណិជ្ជកម្មអន្តរជាតិផងដែរ ជាក់ស្ដែងមហាសេដ្ឋី Aliko Dangote បានជះលុយប្រមាណ ២, ៥ ពាន់លានដុល្លារទៅលើគម្រោងរោងចក្រផលិតជីខ្នាតយក្សមួយ។
រោងចក្រជីដែលនឹងក្លាយជារោងចក្រធំបំផុតនៅទ្វីបអាហ្វ្រិក និងធំបំផុតទី ២ លើលោកនឹងសាងសង់នៅលើផ្ទៃដីទំហំ ៥០០ ហិកតា និងអាចផលិតជីបាន ៣ លានតោនក្នុងមួយឆ្នាំ ស្របពេលពិភពលោកកំពុងត្រូវការជីខ្លាំង ខណៈរុស្ស៊ីមិនអាចផ្គត់ផ្គង់ទាន់ពេលវេលាដោយសារបញ្ហាសង្គ្រាមជាមួយអ៊ុយក្រែន។
ជាការពិត រុស្ស៊ីគឺជាកូនសោសំខាន់ក្នុងការនាំចេញជីដែលអាចផ្ដល់ទិន្នផលយ៉ាងល្អដល់ដំណាំដូចជា ពោត សណ្ដែក ស្រូវ និងស្រូវសាលីជាដើមទូទាំងពិភពលោក ហើយបើយោងតាម Trade Data Monitor បានទម្លាយឲ្យដឹងថា ការនាំចេញជីទូទាំងពិភពលោកប្រចាំឆ្នាំ ២០២១ រុស្ស៊ីគ្រប់គ្រងដល់ទៅ ១/៥ ឯណោះ។
យ៉ាងណា ក្រោយរងទណ្ឌកម្មសេដ្ឋកិច្ចដែលអឺរ៉ុប និងប្រទេសលោកខាងលិចបានពួតដៃគ្នាដាក់ រុស្ស៊ីហាក់មានផលវិបាកក្នុងការផ្គត់ផ្គង់ទំនិញរបស់ពួកគេទៅកាន់ទីផ្សារអន្តរជាតិ រហូតធ្វើឲ្យការប្រមូលទិន្នផលអាចមានការយឺតយ៉ាវ ហើយក្នុងករណីអាក្រក់ជាងនេះ អាចបណ្ដាលឲ្យមានបញ្ហាកង្វះចំណីអាហារថែមទៀតផង។
ដោយសារមើលឃើញពីឱកាសដ៏កម្រមួយនេះ មហាសេដ្ឋីមានទ្រព្យប្រមាណ ១៤ ពាន់លានដុល្លារ សម្រេចបោះលុយធំលើគម្រោងផលិតជីខ្នាតយក្ស ដែលអាចធានាបានសម្រាប់ការផ្គត់ផ្គង់ជាសកលលោក ខណៈបច្ចុប្បន្នមានអាមេរិក ប្រេស៊ីល និងឥណ្ឌាជាអតិថិជនតំបូង។
បន្ថែមពីនោះ មហាសេដ្ឋីរូបនេះក៏បានទម្លាយឲ្យដឹងដែរថា រោងចក្ររបស់លោក ក្រៅពីជួយដល់វិបត្តិកង្វះជីជុំវិញពិភពលោក វាថែមទាំងអាចផ្ដល់ឱកាសការងារដល់ប្រជាជនក្នុងប្រទេសជាច្រើនកន្លែងផងដែរ ហើយក៏អាចជួយសម្រួលដល់តម្រូវការរបស់ប្រជាកសិករនៅក្នុងប្រទេសនីហ្សេរីយ៉ាផ្ទាល់ដូចគ្នា៕
ប្រភព: Yahoo