កាលពីថ្ងៃសៅរ៍កន្លងទៅនេះ រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបាននិយាយថា ពួកគេនឹងជួយជាស្បៀងអាហារប្រមាណ ២ លានផោន ដែលគិតជាលុយ ២.៦ លានដុល្លារ ទៅកាន់តំបន់អ៊ុយក្រែនដែលកំពុងឡោមព័ទ្ធដោយទាហានរុស្ស៊ី។

រំលឹកដែរថា ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនគឺមានរយៈពេលជាង ១ ខែមកហើយ ប៉ុន្តែអ៊ុយក្រែននៅតែអាចការពារទីក្រុងសំខាន់ៗពីការវាយប្រហាររបស់កម្លាំងរុស្ស៊ី ដែលធ្វើឲ្យកងទ័ពរុស្ស៊ីគ្មានជម្រើស ក្រៅពីឡោមព័ទ្ធទីក្រុងរបស់ពួកគេជាបណ្ដោះអាសន្ន។

ដោយឡែក រដ្ឋាភិបាលអង់គ្លេសបានបង្ហើបថា ពួកគេនឹងបញ្ជូនឡានដឹកអាហារ ២៥ គ្រឿងដែលផ្ទុកដោយអាហារក្រៀមក្រោះ អាហារកំប៉ុង និងទឹកជាដើម ដោយដឹកចេញពីប្រទេសប៉ូឡូញ និងស្លូវ៉ាគីតាមរយៈផ្លូវថ្នល់ និងខ្សែរថភ្លើង ទៅកាន់ទីក្រុងដែលមានហានិភ័យខ្ពស់នៅប្រទេសអ៊ុយក្រែន។

“អ៊ុយក្រែនគឺពិតជាកំពុងមានតម្រូវការជាចាំបាច់ ជាមួយប្រជាជនជាច្រើនដែលកំពុងជាប់គាំងនៅទីតាំងដែលមិនមានអាហារ និងទឹកគ្រប់គ្រាន់។ ពួកយើងនឹងសហការជាមួយដៃគូតាមព្រំដែន ដើម្បីធានាថាស្បៀងអាហារទាំងនេះនឹងដឹកដល់កន្លែងដែលប្រជាជននៅទីនោះត្រូវការ ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន”។ នេះបើតាមសម្ដីរបស់ទីប្រឹក្សាមនុស្សធម៌របស់ការិយាល័យបរទេសអង់គ្លេសបាននិយាយ៕
ប្រភព: Kelo