ក្រុមហ៊ុនអន្តរជាតិទាំងអស់ដែលបានបញ្ឈប់អាជីវកម្មរបស់ខ្លួននៅប្រទេសរុស្ស៊ី កំឡុងពេលមហាអំណាចមួយនេះឈ្លានពានប្រទេសអ៊ុយក្រែន នឹងទទួលបានពានរង្វាន់សន្តិភាព Peace Award ពីប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky។ នេះបើតាមការទម្លាយឲ្យដឹងពីការិយាល័យប្រធានាធិបតីកាលពីថ្ងៃអាទិត្យ។

លោក Andriy Yermak ដែលជាប្រធានការិយាល័យប្រធានាធិបតីបាននិយាយថា ក្រុមហ៊ុនដែលចាកចេញពីប្រទេសរុស្ស៊ីអំឡុងពេលនេះ គឺពិតជាសក្ដិសមទទួលបានការគោរពពីប្រជាជនអ៊ុយក្រែន និងពិភពលោកទាំងមូល ដ្បិតគោលបំណងរបស់ពួកគេគឺមិនចង់បានសូម្បីមួយកាក់មួយសេនពីប្រទេសផ្ដាច់ការឡើយ”។

បុរសខាងលើបានបន្ថែមទៀតថា ក្រុមហ៊ុនទាំងនោះគឺពិតជាធ្វើការសម្រេចចិត្តបានត្រឹមត្រូវបំផុត ព្រោះវាគឺពិតជារឿងដែលខុសឆ្គងខ្លាំងក្នុងការគាំទ្រឲ្យមានសង្គ្រាម និងធ្វើការជួញដូរពាណិជ្ជកម្មជាមួយប្រទេសដែលបង្កសង្គ្រាម ក្នុងគោលបំណងចង់បានប្រាក់ចំណេញពីការសម្លាប់ប្រជាជនស្លូតត្រង់។

បញ្ជាក់ដែរថា ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារទៅលើប្រទេសជិតខាងអ៊ុយក្រែន ក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនបានដកខ្លួនពីវិស័យពាណិជ្ជកម្មក្នុងប្រទេសមហាអំណាចមួយនេះអស់រាប់រយក្រុមហ៊ុនស្ទើរគ្រប់វិស័យរាប់តាំងពីវិស័យថាមពល ការដឹកជញ្ជូន ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាជាដើម៕
ប្រភព: CNN