អ្នកណាៗក៏ដឹងដែរថា មហាសេដ្ឋីមានបំផុតលើលោកនាពេលបច្ចុប្បន្នគឺ Elon Musk ដែលធ្លាប់មានទ្រព្យសម្បត្តិកើនដល់ ៣៤០ ពាន់លានដុល្លារកាលពីឆ្នាំទៅ ប៉ុន្តែបានធ្លាក់មកសល់ត្រឹមប្រមាណ ២៧០ ពាន់លានដុល្លារ ដោយសារការធ្លាក់ចុះនៃតម្លៃហ៊ុនរបស់ Tesla។
យ៉ាងណា CEO នៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សខាងលើបានអះអាងថា នៅមានបុគ្គលមួយរូបដែលលោកជឿថា មានទ្រព្យសម្បត្តិច្រើនជាងលោក ខណៈបុគ្គលម្នាក់នោះគឺប្រធានាធិបតី Vladimir Putin។
នៅក្នុងបទសម្ភាសន៍មួយជាមួយ Axel Springer មហាសេដ្ឋី Elon Musk បានបង្ហើបថា Putin គឺមានលុយច្រើនជាងលោក ប៉ុន្តែមិនព្រមបញ្ចេញហេតុផលដែលគាំទ្រការគិតរបស់លោកឲ្យបានច្បាស់ឡើយ។
“ខ្ញុំជឿថា Putin គឺពិតជាមានលុយច្រើនជាងខ្ញុំពិតមែន”។ នេះគឺជាសម្ដីរបស់ Elon Musk បានប្រាប់នៅក្នុងបទសម្ភាសន៍មួយនោះ។
បញ្ជាក់ដែរថា បច្ចុប្បន្ន Putin គឺមានចំណូលប្រមាណ ១៤០ ០០០ ដុល្លារ/ឆ្នាំ ពីតំណែងជាប្រធានាធិបតីរុស្ស៊ី ខណៈមហាសេដ្ឋី Bill Browder ធ្លាប់បានទម្លាយប្រាប់ CNN កាលពីឆ្នាំ ២០១៨ ថា ទ្រព្យសម្បត្តិរបស់ Putin គឺមានច្រើនហួសស្មាន គ្រាន់តែប្រធានាធិបតីរូបនេះមិនបញ្ចេញជាសាធារណៈតែប៉ុណ្ណោះ៕
ប្រភព: 9news