មហាសេដ្ឋី​អាមេរិក​ចេញមុខ​រិះគន់​ច្បាប់​ទារ​ពន្ធ​ថ្មី​សម្រាប់​អ្នកមាន​របស់​ប្រធានាធិបតី​ Joe Biden

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ប្រធានាធិបតី Joe Biden បាន​ប្រកាស​ពី​គម្រោង​ចំណាយ​សម្រាប់​ឆ្នាំ ២០២៣ ដែល​នៅ​ក្នុង​ផែនការ​មួយ​នោះ​ក៏​បាន​បញ្ជាក់​ពី​ការ​ទារពន្ធ​លើ​ក្រុម​មហាសេដ្ឋី​ជាង ៧០០ នាក់​នៅ​អាមេរិក​ផងដែរ ដោយ​ពន្ធ​ថ្មី​នោះ​គឺ​នឹង​ទាមទារ​យ៉ាង​តិច ២០% នៃ​ប្រាក់​ចំណូល​សរុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ មហាសេដ្ឋី Leon Cooperman បាន​ប្រាប់​ទៅ​កាន់ Insider ថា វា​គឺ​ជា​រឿង​ដែល​មិន​សមហេតុផល​ឡើយ ហើយ​ការ​លើកឡើង​របស់​ប្រធានាធិបតី​រូបនេះ​ទំនង​ជា​មិន​ស្របច្បាប់​ថែម​ទៀត ដូច្នេះ​វា​ក៏​ប្រហែល​ជា​មិន​អាច​អនុម័ត​បាន​ផង​ដែរ។

“​ខ្ញុំ​អាច​និយាយ​ថា វា​ជា​រឿង​ដែល​មិន​សម​ហេតុ​សម​ផល ហើយ​ទំនង​មិន​ស្របច្បាប់​ទៀត ដូច្នេះ​វា​នឹង​មិន​អាច​អនុម័ត​បាន​ឡើយ។ ពួកគេ​គួរ​តែ​បញ្ឈប់​ការ​វាយ​ប្រហារ​ទៅ​លើ​ពួក​អ្នកមាន​ ហើយ​គួរ​កែ​ច្បាប់​ពន្ធ​ឲ្យ​សម​ស្រប​ជាង​នេះ​ទើប​ប្រសើរ”។ នេះ​បើ​តាម​សម្ដី​របស់ Cooperman ប្រាប់​ Insider។

“​ខ្ញុំ​មាន​ទស្សនៈ​របស់​ខ្ញុំ ហើយ​វា​មិន​មែន​ជា​បញ្ហា​ឡើយ​ក្នុង​ការ​បង់ពន្ធ តែ​ពួក​យើង​គួរ​ទទួល​បាន​ហេតុផល​សមរម្យ​មួយ មិនមែន​ចេះ​តែ​អនុម័ត​ច្បាប់​តាម​តែ​ចិត្ត និង​កែប្រែ​ច្បាប់​ដែល​មាន​តាម​ចិត្ត​ឡើយ”។

បន្ថែម​ពី​នោះ មហាសេដ្ឋី​អាមេរិក​រូបនេះ​ក៏​បាន​លើកឡើង​ដែរ​ថា ក្រុម​មហាសេដ្ឋី​ពិត​ជា​សក្ដិសម​បង់​ពន្ធ​លើស​ប្រជាជន​ធម្មតា​ពិតមែន ប៉ុន្តែ​នៅ​ក្នុង​លក្ខខណ្ឌ និង​ក្នុង​តម្លៃ​សមស្រប​មួយ ខណៈ​ព្រឹទ្ធសមាជិក Elizabeth Warren ធ្លាប់​លើក​សំណើ​មួយ​ទាក់ទង​នឹង​បញ្ហា​មួយ​នេះ។

សំណើ​ដែល​ព្រឹទ្ធសមាជិក Elizabeth Warren លើក​ឡើង​នោះ​គឺ បុគ្គល​ដែល​មាន​ទ្រព្យសម្បត្តិ​ចាប់ពី ៥០ លាន​ដុល្លារ ដល់ ១ ពាន់​លាន​ដុល្លារ គួរ​បង់​ពន្ធ​បន្ថែម​ ២% ខណៈ​អ្នកមាន​ទ្រព្យ​លើស​ពី ១ ពាន់​លាន​ដុល្លារ​គួរ​បង់​ថែម ៣% លើ​ពន្ធ​បច្ចុប្បន្ន។

បញ្ជាក់​ដែរ​ថា បើ​តាម​ឯកសារ​រដ្ឋបាល​បញ្ចេញ​ដោយ​សេតវិមាន ក្រុម​មហាសេដ្ឋី​​បង់ពន្ធ​ត្រឹម ៨% ប៉ុណ្ណោះ​ ចន្លោះ​ឆ្នាំ ២០១០ និង ២០១៨ ដែល​នេះ​គឺ​ទាប​ជាង​ប្រជាជន​អាមេរិក​ដែល​មាន​ការងារ​ធម្មតា​ដូចជា​គ្រូបង្រៀន​ដែល​តម្រូវ​ឲ្យ​បង់ពន្ធ ២២%៕

ប្រភព: Yahoo