ប្រធានក្រុមហ៊ុនអាកាសចរណ៍ Emirates លោក Tim Clark បាននិយាយថា ប្រជាជនរុស្ស៊ី មានសិទ្ធិគ្រប់យ៉ាង ដើម្បីបន្តធ្វើដំណើរដោយមិនគិតពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះឡើយ ខណ:ក្រុមហ៊ុន នឹងនៅតែបន្តផ្តល់សេវាកម្មជាប្រចាំ បើទោះបីជាមានការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែនក៏ដោយ ។
មិនតែប៉ុណ្ណោះ លោក Clark បាននិយាយប្រាប់សារព័ត៌មាន Bloomberg ក្នុងបទសម្ភាសមួយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Emirates នឹងបន្តប្រតិបត្តិការ នៅកាន់ប្រទេសរុស្ស៊ី ដរាបណាមានការបញ្ជាពីម្ចាស់ក្រុមហ៊ុន និងរដ្ឋាភិបាលរបស់ទីក្រុងឌូបៃ។ បច្ចុប្បន្នក្រុមហ៊ុនកាសចរណ៍នេះ បានបម្រើការហោះហើរទៅកាន់ទីក្រុងម៉ូស្គូពីរលើក ក្នុងមួយថ្ងៃ និងទីក្រុងសាំងពេទឺប៊ឺមួយលើកក្នុងមួយថ្ងៃ ដោយតភ្ចាប់ទៅកាន់ទីក្រុងនានា ជាមួយនឹងបណ្តាញហោះហើរជាសកលរបស់ក្រុមហ៊ុន ។
បន្ថែមពីនេះ លោក Clark បាននិយាយថា ” ទណ្ឌកម្មទាំងនេះ គឺមិនមានគោលដៅទៅលើប្រជាជនរុស្ស៊ីនោះទេ។ ខ្ញុំសង្ស័យថា ប្រជាជនរុស្ស៊ីក៏កំពុងរងឥទ្ធពលពីអ្វីដែលកំពុងកើតមានឡើង នៅអ៊ុយក្រែន ដូចគ្នាទៅនឹងប្រជាជនដទៃទៀតដែរ ” ។
បញ្ជាក់ថា ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី និងក្រុមហ៊ុនអាកាសចរណ៍បរទេសជាច្រើនទៀត ដែលកំពុងទទួលរងការហាមឃាត់នៅលើដែនអាកាស និងរួមទាំងការទប់ស្កាត់ផ្សេងទៀត ដែលបានធ្វើឱ្យការហោះហើរមានការកាត់បន្ថយខ្លាំង ដូច្នេះ Emirates នៅតែបានផ្តល់នូវសេវាកម្មដ៏សំខាន់ ដើម្បីតភ្ចាប់ប្រទេសរុស្ស៊ី ជាមួយពិភពលោក ។ ហើយជាមួយគ្នានោះ លោក Clark បន្ថែមទៀតថា ក្រុមហ៊ុនហ៊ុនអាកាសចរណ៍របស់លោក ក៏មានសិទ្ធិសេរីភាព ក្នុងការហោះហើរលើប្រទេសរុស្ស៊ី និងរួមទាំងដែនអាកាសរបស់សហរដ្ឋអាមេរិកទៀតផង ៕
ប្រភព: Bangkok Post