ប៉ូលិសវៀតណាម ឃាត់ខ្លួនប្រធានក្រុមហ៊ុនអចលនទ្រព្យធំបំផុតមួយ ពីបទសង្ស័យក្លែងបន្លំទីផ្សារភាគហ៊ុន

អន្តរជាតិ

ក្រសួងសន្តិសុខសាធារណ: បាននិយាយថាប៉ូលិសវៀតណាម កាលពីថ្ងៃអង្គារ បានធ្វើការឃាត់ខ្លួន ប្រធានក្រុមហ៊ុនឯកជនដ៏ធំបំផុតមួយក្នុងប្រទេស ពីបទសង្ស័យថាបានក្លែងបន្លំទីផ្សារភាគហ៊ុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងក្រសួងខាងលើនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Trinh Van Quyet ដែលជាប្រធានក្រុមហ៊ុនអចលនទ្រព្យ និងកន្លែងកម្សាន្ត FLC Group និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Bamboo Airways ក៏ត្រូវបានចោទប្រកាន់ពីបទលាក់បាំងព័ត៌មានប្រតិបត្តិការភាគហ៊ុន ផងដែរ ។

គួរឱ្យដឹងថា FLC ដែលកាន់កាប់រីសត និងទីលានវាយកូនហ្គោលរាប់សិបកន្លែង នៅទូទាំងប្រទេសវៀតណាម បាននិយាយថា បច្ចុប្បន្នលោក Quyet  កំពុងស្ថិតនៅក្នុងក្រោមការស៊ើបអង្កេត ហើយនៅមិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយ ត្រូវបានធ្វើឡើងនោះទេ ។

មិនតែប៉ុណ្ណោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន FLC លោក Bui Hai Huyen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ លើគេហទំព័រផ្លូវការក្រុមហ៊ុនថា ” ហេតុការណ៍នេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អតិថិជន ម្ចាស់ភាគហ៊ុន និងដៃគូសហការរបស់ក្រុមហ៊ុននោះឡើយ “​។

បន្ថែមពីនេះ លោក Dang Tat Thang នាយកប្រតិបត្តិក្រុមហ៊ុន Bamboo បាននិយាយ ក្រោយកើតហេតុការណ៍នេះថា ” វានឹងមិនពាក់ព័ន្ធ ឬប៉ះពាល់ដល់ប្រតិបត្តិការទូទៅ របស់ក្រុមហ៊ុន FLC Group និង Bamboo Airways នោះឡើយ ” ។

បញ្ជាក់ទៀតថា យោងតាមក្រសួងសន្តិសុខសាធារណ: បានបង្ហាញថា លោក Quyet បានលក់ភាគហ៊ុនចំនួន ៧៤,៨ លានហ៊ុន របស់ FLC កាលពីថ្ងៃទី ១០ ខែមករា ដោយពុំបានជូនដំណឹងដល់អាជ្ញាធរទីផ្សារ និងមិនបានគោរពតាមលក្ខខណ្ឌត្រូវការនោះឡើយ ៕

ប្រភព: Money US