ការចរចារវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីថ្ងៃអង្គារកន្លងទៅបានបញ្ចប់ ដោយភាគីទាំងសងខាងបានយល់ព្រមបន្ថយសកម្មភាពវាយប្រហាររៀងៗខ្លួន ហើយរុស្ស៊ីបានសន្យាថា នឹងកាត់បន្ថយកម្លាំងរបស់ពួកគេដែលកំពុងឡោមព័ទ្ធទីក្រុង Kyiv និង Chernihiv ក្រោយបញ្ចប់ជំនួបសន្តិភាពមួយនោះ។

យ៉ាងណា បើទោះជាខាងរុស្ស៊ីបានប្រកាសថា នឹងព្រមដកទ័ពចេញពីទឹកដីអ៊ុយក្រែនខ្លះៗក៏ដោយ តែឧបនាយករដ្ឋមន្ត្រី Dominic Raab បានបង្ហើបប្រាប់ Sky News ថា ការដកទ័ពរបស់រុស្ស៊ីគឺបន្សល់ទុកនូវការសង្ស័យខ្លះ ហើយវាអាចជាយុទ្ធសាស្ត្រប្រមូលកម្លាំងទ័ពឡើងវិញ ដើម្បីវាយប្រហារម្ដងទៀត។

“ពួកយើងនឹងវិនិច្ឆ័យទៅតាមទង្វើជាក់ស្ដែងរបស់កងកម្លាំងរុស្ស៊ី មិនមែនចេះតែនិយាយឲ្យរួចពីមាត់ឡើយ។ ថ្វីបើការចរចាចង់បានសន្តិភាពតែងតែបើកទទួលក្ដី តែខ្ញុំមិនគិតថា បច្ចុប្បន្នអ្នកអាចជឿនូវអ្វីដែលចេញពីមាត់របស់ Putin ដែលជាអ្នកចូលចិត្តបង្កសង្គ្រាមឡើយ”។ នេះបើតាមសម្ដីរបស់លោក Raab បាននិយាយ។

ក្រៅពីឧបនាយករដ្ឋមន្ត្រីអង់គ្លេស ក៏នៅមានថ្នាក់ដឹកនាំប្រទេសលោកខាងលិចមួយចំនួនទៀតដែលបានបង្ហាញគំនិតស្រដៀងគ្នា ស្របពេលប្រធានាធិបតី Volodymyr Zelensky បានទម្លាយថា អ៊ុយក្រែនមិនគួរធ្វេសប្រហែសឡើយនៅកាលៈទេសៈមួយនេះ៕
ប្រភព: FT