កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនChina Evergrande បានប្រកាសថា ពួកគេនឹងលក់ភាគហ៊ុន និងកម្មសិទ្ធិសាងសង់នៃគម្រោង Crystal City Project ក្នុងតម្លៃប្រមាណ ៣,៦៦ ពាន់លានយ៉ន់ ឬប្រហែល ៥៧៥ លានដុល្លារ។ នេះបើតាមការអះអាងពី Hong Kong Stock Exchange។
ដោយឡែក គម្រោងមួយនេះគឺកំពុងសាងសង់នៅក្នុងទីក្រុង Hangzhou ដែលទើបនឹងជាប់ចំណាត់ថ្នាក់ជាទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោកទាំង ១០ ផងដែរ។
មូលហេតុដែលធ្វើឲ្យ Evergrande បង្ខំចិត្តលក់ភាគហ៊ុននៃគម្រោងដ៏អស្ចារ្យមួយនេះគឺ ដោយសារពួកគេមិនមានលទ្ធភាពបន្តការសាងសង់ ដោយសារជាប់បំណុលច្រើនពេក ហើយប្រាក់ដែលទទួលបានពីការលក់ភាគហ៊ុននឹងយកទៅដោះស្រាយបំណុលមួយចំនួននៅទីក្រុងHangzhou។
បញ្ជាក់ដែរថា កាលពីសប្ដាហ៍មុន ក្រុមហ៊ុនអចលនទ្រព្យដែលមានបំណុលច្រើនបំផុតលើលោកមួយនេះបានប្រកាសថា ពួកគេនឹងរៀបចំឯកសារជាមួយម្ចាស់បំណុលនៅចុងខែកក្កដា បន្ទាប់ពីបញ្ហាហិរញ្ញវត្ថុបណ្ដាលឲ្យមានការយឺតយ៉ាវក្នុងការបញ្ចេញថវិកាប្រចាំឆ្នាំរបស់ក្រុមហ៊ុន៕
ប្រភព: theedgemarkets