ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International ទទួលបានទឹកប្រាក់ជាង ១ លានបាត ឬជាង ៣ ម៉ឺនដុល្លារ ក្នុងរយ:ពេលតិចជាងមួយនាទី ជាមួយនឹងការលក់កៅអីអ្នកដំណើរ ដែលដកចេញពីយន្តហោះឈប់ដំណើរការរបស់ខ្លួន ខណ:ក្រុមហ៊ុន កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ។
គួឱ្យដឹងថាកៅអីចំនួន ៣០ គូ ដែលមានព័ណ៌ផ្សេងៗគ្នា ត្រូវបានគេកម្ម៉ង់ទិញយកគ្មានសល់ បន្ទាប់ពីក្រុមហ៊ុន បានធ្វើការផ្សាយផ្ទាល់លក់ នៅលើប្រព័ន្ធអ៊ីនធឺណិត តាមរយ:គេហទំព័រហ្វេសប៊ុក TG Warehouse Sale ។
ជាក់ស្តែង កៅអីដែលបំពាក់នៅប្រភេទ Economy Class ត្រូវបានដាក់លក់ក្នុងតម្លៃ ៣៥ ០០០ បាត ក្នុងមួយគូ ហើយត្រូវបានលក់អស់គ្មានសល់ នៅពេលមិនដល់មួយនាទីផង ខណ:ការលក់នេះ ធ្វើឱ្យក្រុមហ៊ុន អាចប្រមូលបានប្រាក់សរុប រហូតដល់ទៅ ១ ០៥០ ០០០ បាតឯណោះ ។
បញ្ជាក់ផងដែរថា កៅអីទាំងនេះ ត្រូវបានយកចេញពីយន្តហោះប្រភេទ Airbus A330-300 ដែលលែងដំណើរការ ចំពេលក្រុមហ៊ុនរបស់ថៃមួយនេះ កំពុងដំណើរការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុឡើងវិញ នៅក្នុងតុលាការក្ស័យធនកណ្តាល ។
បន្ថែមពីនេះ ក្រុមហ៊ុន Thai Airways បានប្រកាសអំពីប្រាក់ចំណេញសុទ្ធ ៥៥,១១ ពាន់លានបាត កាលពីឆ្នាំមុន លើប្រាក់ចំណូលប្រមាណ ៨១,៥២ ពាន់លានបាត និងរួមទាំងការខាតបង់ទឹកប្រាប់ប្រមាណ ១៩,៧០ លានបាតផងដែរ ៕
ប្រភព: Bangkok Post