កាលពីពេលថ្មីៗនេះ ច្រករបៀងជម្លៀសប្រជាជននៅទីក្រុង Mariupolត្រូវបានអនុម័តដោយភាគីទាំងសងខាងគឺ អ៊ុយក្រែន និងរុស្ស៊ី បន្ទាប់ពីមានការអន្តរាគមន៍ពីអង្គការកាកបាទក្រហមអន្តរជាតិ។
រដ្ឋាភិបាលអ៊ុយក្រែនបានទម្លាយឲ្យដឹងថា ពួកគេបានទទួលព័ត៌មានតាមរយៈគណៈកម្មាធិការអន្តរជាតិនៃអង្គការកាកបាទក្រហមអំពីការសម្រេចកិច្ចព្រមព្រៀងបើកច្រករបៀងជម្លៀសប្រជាជនពីទីក្រុង Mariupol ទៅកាន់ទីក្រុង Berdiansk។
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនIryna Vereshchuk បាននិយាយថា៖ “ពួកយើងនឹងបញ្ជូនរថយន្តក្រុង ៤៥ គ្រឿង ដែល ២៨ គ្រឿងនឹងត្រូវឆ្លងកាត់ចំណុចត្រួតពិនិត្យរបស់រុស្ស៊ីនៅ Vasylivka ខណៈ ១៧ គ្រឿងទៀតគឺបានចាកចេញពី Zaporizhzhia ហើយ”។
“ពួកយើងនឹងធ្វើគ្រប់យ៉ាងដើម្បីធានាថា រថយន្តទាំងអស់នឹងទៅដល់ទីក្រុង Mariupol នៅថ្ងៃនេះ និងអាចនាំយកប្រជាជនគ្រប់រូបដែលមិនទាន់បានចាកចេញពីទីក្រុងមួយនេះ”។
បញ្ជាក់ដែរថា យោងតាមឯកសារបញ្ចេញដោយរដ្ឋាភិបាលអ៊ុយក្រែនបានបង្ហើបថា អគារប្រហែល ៩០% ទូទាំងទីក្រុង Mariupol គឺរងការខូចខាត និងបោះបង់ចោល បន្ទាប់កងកម្លាំងរុស្ស៊ីធ្វើការទម្លាក់គ្រាប់បែកកាលពីប៉ុន្មានរយៈកាលមុននេះ៕
ប្រភព: CNN