ក្រុមហ៊ុន Hindalco Industries Ltd. បានប្រកាសថា នឹងចាយលុយរហូតដល់ ៧,២ ពាន់លានដុល្លារ សម្រាប់ការពង្រីកអាជីវកម្មលើវិស័យលោហធាតុអាលុយមីញ៉ូមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ស្របពេលការផ្គត់ផ្គង់នៅមានកម្រិត ខណៈតម្រូវការកំពុងត្រូវប៉ាន់ខ្លាំង។
ក្រុមហ៊ុនដែលកំពុងគ្រប់គ្រងដោយមហាសេដ្ឋី Kumar Mangalam Birla នឹងផ្ដោតសំខាន់លើការវិនិយោគនៅប្រទេសឥណ្ឌា និងនៅអាមេរិកខាងជើង ខណៈថវិកាប្រហែល ២,៤ ពាន់លានដុល្លារនឹងប្រើប្រាស់នៅឥណ្ឌា ស្របពេល ៤,៨ ពាន់លានដុល្លារនឹងយកទៅបណ្ដាក់ទុននៅអាមេរិក ប្រេស៊ីល អាស៊ី និងអាល្លឺម៉ង់ជាដើម។
រំលឹកដែរថា លោហធាតុអាលុយមីញ៉ូមគឺមានសឹងតែគ្រប់វត្ថុប្រើប្រាស់ ដែលធ្វើឲ្យតម្រូវការរបស់វាមានភាពចាំបាច់ខ្លាំង ហើយកាលពីដើមខែកន្លងទៅវាមានតម្លៃដល់ទៅ ៤ ០០០ ដុល្លារ/តោន។
ដោយឡែក ក្រុមហ៊ុនដែលមានទីតាំងនៅទីក្រុង Mumbai បាននឹងកំពុងពង្រីកវិសាលភាពផលិតរបស់ពួកគេម្ដងបន្តិចៗ បន្ទាប់ពីប៉ុន្មានឆ្នាំមុនពួកគេអាចផលិតអាលុយមីញ៉ូមបាន ១,៣ លានតោនថេរតែម្ដង។
បន្ថែមពីនោះ Hindalco រំពឹងថា ការប្រើប្រាស់អាលុយមីញ៉ូមនៅឥណ្ឌានឹងហក់ឡើងដល់ ៨ លានតោន/ឆ្នាំ នៅឆ្នាំ ២០៣២ ហើយការប្រើប្រាស់ទង់ដែងក៏ប្រហែលនឹងអាចកើនឡើងទ្វេដងផងដែរនៅរយៈពេលដូចគ្នានោះ។
ក្រៅពីមានគម្រោងពង្រីកអាជីវកម្មលើវិស័យលោហធាតុអាលុយមីញ៉ូម ក្រុមហ៊ុនខាងលើក៏មានផែនការជះលុយ ២៨៦ លានដុល្លារទៅលើការផលិតបន្ថែមនៃលោហធាតុទង់ដែង និង ៤៥៩ លានដុល្លារទៀតសម្រាប់ការអភិវឌ្ឍរ៉ែធ្យូងថ្មផងដែរ៕
ប្រភព: Moneycontrol