កាលពីអត្ថបទមុនៗ ប្រិយមិត្តអ្នកអានច្បាស់ជាដឹងហើយថា ប្រទេសចិនបានជាប់ឈ្មោះជាប្រទេសមានមហាសេដ្ឋីច្រើនបំផុតលើលោកប្រមាណ ១ ១៣៣ នាក់ ខណៈអាមេរិកជាប់លេខ ២ ជាមួយស្ថិតិមហាសេដ្ឋី ៧១៦ នាក់។

យ៉ាងណា សម្រាប់អត្ថបទមួយនេះវិញ ឧកញ៉ាញូវសន៍សូមបង្វែរអារម្មណ៍ប្រិយមិត្តឲ្យមកស្គាល់នូវមហាសេដ្ឋីស្រីមានបំផុតដែលរកស៊ីដោយបាតដៃទទេវិញម្ដង ខណៈចិននៅតែខ្លាំង ដោយមានស្ត្រីមានបំផុតលើលោកដល់ទៅ ២/៣ ឯណោះ។ នេះបើតាមការអះអាងពី Hurun។
ប្រភពខាងលើបានអះអាងទៀតថា សម្រាប់តំណែងស្ត្រីមានបំផុតលើលោកដែលរកស៊ីដោយបាតដៃទទេគឺ Wu Yajun ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងប៉េកាំង ដែលមានទ្រព្យសម្បត្តិសរុប ១៧ ពាន់លានដុល្លារ។

បន្ថែមពីនោះ Hurun Report បានបញ្ជាក់ទៀតថា បច្ចុប្បន្នស្ត្រីដែលទទួលបានងារជាមហាសេដ្ឋី និងផ្ដើមចេញពីការរកស៊ីដោយបាតដៃទទេមាន ១២៤ នាក់ ដែលតួលេខមួយនេះគឺច្រើនជាង ១០ ឆ្នាំមុនដល់ទៅ ១០០ នាក់។
ដោយឡែក នៅក្នុងបញ្ជីមហាសេដ្ឋីស្រីដែលរកស៊ីពីបាតដៃទទេមានបំផុតលើលោកទាំង ១០ រូបវិញ គឺមានជនជាតិចិនដល់ទៅ ៨ នាក់ឯណោះ៕
ប្រភព: Moneycontrol