“ចំណេះវិជ្ជាជាស្ពានឆ្ពោះទៅរកភាពជោគជ័យ” នេះគឺជាពាក្យស្លោកដែលយើងគ្រប់គ្នាតែងតែធ្លាប់បានលឺនៅអំឡុងពេលវ័យសិក្សា ហើយវាគឺជាការពិតដែលមិនអាចប្រកែកបានឡើយ។
យ៉ាងណា មិនមែនសុទ្ធតែគ្រប់បុគ្គលជោគជ័យគឺសុទ្ធតែបានបញ្ចប់ថ្នាក់សិក្សាខ្ពង់ខ្ពស់នោះឡើយ ជាក់ស្ដែងក៏មានបុគ្គលមួយចំនួនបានបោះបង់ការសិក្សា ងាកមកស្រវាតាមចាប់ក្ដីស្រមៃតាំងពីវ័យក្មេង ឬក៏កត្តាជីវភាពគ្រួសារបង្ខំឲ្យពួកគេបោះបង់ការសិក្សា ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាព រហូតក្លាយជាមហាសេដ្ឋីសព្វថ្ងៃផងដែរ។
តួយ៉ាង បើយោងតាមការចុះផ្សាយពី SCMP បានឲ្យដឹងថា មានបុគ្គល ៥ រូបដែលបានបោះបង់ការសិក្សាតាំងពីក្មេងៗ ដោយសារកត្តាជីវភាពគ្រួសារ និងត្រូវងាកមករកចំណូល ក៏ដូចជាតាមចាប់ក្ដីស្រមៃរបស់ពួកគេរហូតទទួលបានភាពជោគជ័យក្លាយជាមហាសេដ្ឋីសព្វថ្ងៃ។
ខាងក្រោមគឺជាបញ្ជីឈ្មោះរបស់បុគ្គល ៥ រូបដែលក្រុមហ៊ុនសារព័ត៌មានកាន់កាប់ដោយ Alibaba បានចុះផ្សាយ៖
1/ Li Ka-Shing
មហាសេដ្ឋីមានបំផុតនៅហុងកុងរូបនេះបានរត់ភៀសខ្លួនពីប្រទេសចិននៅពេលលោកមានវ័យត្រឹមតែ ១២ ឆ្នាំ ហើយរំលងបាន ២ ឆ្នាំ ឪពុករបស់លោកបានចែកឋាន ដែលបណ្ដាលឲ្យបុរសរូបនេះត្រូវបោះបង់ការសិក្សាទាំងមិនបានបញ្ចប់ថ្នាក់វិទ្យាល័យ។
នៅវ័យ ១៦ ឆ្នាំស្ដេចត្រាញ់ហុងកុងគ្រាន់តែជាបុគ្គលិកធ្វើការនៅរោងចក្រប្លាស្ទិកមួយកន្លែង តែបច្ចុប្បន្ន Li Ka-Shing បានក្លាយជាមហាសេដ្ឋីមានបំផុតទី ៣៤ នៅលើពិភពលោក និងមានបំផុតនៅហុងកុង ជាមួយទ្រព្យសម្បត្តិប្រមាណ ៣៧,៨ពាន់លានដុល្លារ។
2/ Roman Abramovich
មហាសេដ្ឋីរុស្ស៊ីដែលកំពុងស្ថិតនៅក្នុងស្ថានការណ៍ដ៏យ៉ាប់យ៉ឺន ពោលគឺទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្ដាប្រទេសជាច្រើន ជាពិសេសគឺអង់គ្លេស បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារទៅលើអ៊ុយក្រែនកន្លងទៅ។
ប្រវត្តិរបស់អ្នកមានម្នាក់នេះគឺ កំព្រាម្ដាយឪពុកតាំងពីអាយុ ៣ ឆ្នាំ និងបានឈប់រៀនត្រឹមថ្នាក់មហាវិទ្យាល័យ ដោយបានចូលបម្រើកងទ័ពរុស្ស៊ី ហើយវាគឺជាឱកាសមាសមួយរបស់ Abramovich ក្នុងការកសាងទ្រព្យសម្បត្តិរបស់លោកពីពេលនោះមក។
អំឡុងពេលនៅបម្រើការក្នុងជួរកងទ័ព Abramovich បានលួចប្រេងយកទៅលក់ឲ្យឈ្មួញកណ្ដាល ហើយក៏ចាប់ផ្ដើមបោះជំហានលើវិស័យអាជីវកម្មផ្សេងៗ រហូតដល់មានមុខមាត់នៅលើវិស័យនយោបាយថែមទៀត។
បច្ចុប្បន្ន Roman Abramovich គឺជាមហាសេដ្ឋីលេខរៀងទី ២២៤ ទូទាំងពិភពលោក ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ៩,២ពាន់លានដុល្លារ។
3/ Jan Koum
ស្ថាបនិក WhatsApp ម្នាក់នេះមានដើមកំណើតជាជនជាតិអ៊ុយក្រែន និងកើតនៅក្នុងគ្រួសារមានជីវភាពក្រីក្រដែលមានឪពុកជាកម្មករសំណង់ ម្ដាយជាស្ត្រីមេផ្ទះ។ នៅពេលលោកមានវ័យត្រឹម ១៦ ឆ្នាំ គ្រួសាររបស់លោកបានភៀសខ្លួនមកទីក្រុង California និងធ្វើការជូតឥដ្ឋដើម្បីចិញ្ចឹមជីវិត។
អាចនិយាយបានថា ជាដុងពីកំណើត Koum បានរៀនសូត្រដោយខ្លួនឯងអំពីការប្រើប្រាស់កុំព្យូទ័របានយ៉ាងស្ទាត់ជំនាញ និងទទួលបានការងារមួយនៅក្រុមហ៊ុន Yahoo ទាំងមិនបានបញ្ចប់ថ្នាក់សិក្សាមហាវិទ្យាល័យ។
បច្ចុប្បន្ន បុរសម្នាក់នេះគឺជាមហាសេដ្ឋីមានបំផុតទី ១២១ លើពិភពលោកជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ១៤,៣ពាន់លានដុល្លារ ក្រោយលក់ WhatsApp ទៅឲ្យ Facebook ក្នុងឆ្នាំ ២០១៤ ក្នុងតម្លៃ ២២ ពាន់លានដុល្លារ។
4/ Oprah Winfrey
ជាស្ត្រីតែម្នាក់គត់នៅក្នុងបញ្ជីមួយនេះ និងជាពិធីការនីដ៏មានឥទ្ធិពលបំផុតមួយនៅលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិក។ នៅវ័យត្រឹម ១៤ ឆ្នាំ Winfrey បានលួចរត់ទៅរស់នៅជាមួយឪពុក និងទទួលបានអាហារូបករណ៍នៅសាកលវិទ្យាល័យ Tennessee State University ប៉ុន្តែបានបោះបង់ការសិក្សានៅវ័យ ១៩ ឆ្នាំ ដើម្បីធ្វើការនៅលើបណ្ដាញផ្សព្វផ្សាយ។
ចាប់តាំងពីពេលនោះមក Oprah Winfrey តែងតែលេចមុខនៅក្នុងកម្មវិធីទូរទស្សន៍ធំៗ ដោយសារទេពកោសល្យក្នុងការនិយាយរបស់លោកស្រី ហើយបច្ចុប្បន្នលោកស្រីគឺជាមហាសេដ្ឋីស្ត្រីដ៏មានឥទ្ធិពលបំផុតមួយជាមួយទំហំទ្រព្យសម្បត្តិ ២,៥ពាន់លានដុល្លារ។
5/ Guy Laliberte
លោក Laliberte បានចាកចេញពីស្រុកកំណើត Canada នៅវ័យត្រឹម ១៤ ឆ្នាំ តាមចាប់ក្ដីស្រមៃដ៏អស្ចារ្យរបស់លោកនៅឆ្នាំ ១៩៧៨ ហើយនៅវ័យ ១៩ ឆ្នាំ បុរសម្នាក់នេះបានសម្រេចបោះបង់ការសិក្សា។
ដោយសារចិត្តស្រឡាញ់ការសម្ដែង បុរសម្នាក់នេះបានចំណាយពេលដេកលើបង់តាមទីសាធារណៈនៅប្រទេសផ្សេងៗ ជាមួយក្រុមសម្ដែងសៀកតាមផ្លូវ រហូតដល់ឆ្នាំ ១៩៨៤ លោកបានបង្កើតក្រុមសៀកCirque du Soleil ដែលជាសព្វថ្ងៃជាក្រុមសៀករហ័សកម្មធំបំផុតលើលោក។
ជិត ១០ ឆ្នាំក្រោយបង្កើតក្រុមសៀកដ៏ល្បី ពោលនៅឆ្នាំ ១៩៩៣ Cirque du Soleil អាចរកចំណូលបានយ៉ាងស្រួលពោល ៣០លានដុល្លារជារៀងរាល់ឆ្នាំ ហើយវាបានធ្វើឲ្យ Laliberte ទទួលបានងារជាមហាសេដ្ឋីក្នុងទំហំទ្រព្យសម្បត្តិជាង ១ពាន់លានដុល្លារផងដែរ។
ដោយឡែក ក្រៅពីបុគ្គលទាំង ៥ រូបខាងលើ ក៏នៅមានមហាសេដ្ឋីឯទៀតដែលមិនបានបញ្ចប់ថ្នាក់សិក្សាមហាវិទ្យាល័យ ដូចជា Mark Zuckerberg និង Bill Gates ជាដើម គ្រាន់តែថាអ្នកទាំង ៥ ដែលបានរៀបរាប់ខាងលើ គឺមានជីវភាពលំបាកតាំងពីក្មេងជាងបុគ្គលផ្សេងៗប៉ុណ្ណោះ។
បញ្ជាក់ដែរថា អត្ថបទមួយនេះមិនមែនលើកទឹកចិត្តឲ្យមនុស្សឯទៀតបោះបង់ការសិក្សាឡើយ គ្រាន់តែថា ខ្សែជីវិតរបស់មនុស្សយើងម្នាក់ៗគឺមានភាពខុសគ្នា អ្នកខ្លះជោគជ័យលើការសិក្សា អ្នកខ្លះជោគជ័យលើការធ្វើអាជីវកម្ម ដូច្នេះដរាបណាបើអ្នកនៅតែមានការតស៊ូ និងក្ដីស្រមៃ បូកផ្សំជាមួយនឹងឱកាសផង នោះភាពជោគជ័យច្បាស់ជារត់មករកអ្នកដោយឯកឯងជាមិនខាន៕
ប្រភព: SCMP