រថយន្តប្រណីតម៉ាក Lamborghini គ្រោងនឹងវិលត្រលប់មកកាន់ទីផ្សាររបស់ប្រទេសវៀតណាមវិញ នៅក្នុងត្រីមាសទីពីរ ឆ្នាំនេះ បន្ទាប់ពីបាត់ខ្លួនអស់រយ:ពេលជាងមួយឆ្នាំ ។
ជាក់ស្តែងក្រុមហ៊ុនរថយន្តរបស់អ៊ីតាលីមួយនេះ បានសម្រេចចិត្តជ្រើសរើសយកក្រុមហ៊ុនក្នុងស្រុក S&S Automotive ជាអ្នកចែកចាយថ្មីរបស់ខ្លួន នៅក្នុងប្រទេសវៀតណាមវិញ ដោយជំនួសក្រុមហ៊ុន CT Wearnes ។ ហើយ Lamborghini មិនបានបញ្ជាក់ច្បាស់លាស់ថាហេតុអ្វី បានជាការចាប់ដៃគូរកស៊ីជាមួយ CT Wearnes ត្រូវបានបញ្ចប់នោះទេ ។
គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន S&S Automotive ដែលចែកចាយរថយន្តប្រណីតម៉ាក Rolls-Royce និង McLaren ដែរនោះ បាននិយាយថា បន្ទប់ដាក់តាំងបង្ហាញរថយន្ត Lamborghini ថ្មី កំពុងតែត្រូវបានសាងសង់ ហើយនឹងចាប់ផ្តើមបើកដំណើរការនៅត្រីមាសទីពីរ ខាងមុខ ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន S&S Automotive ក៏នឹងដាក់ដំណើរការកន្លែងថែទាំថ្មី នៅក្នុងស្រុក Tan Binh សម្រាប់រថយន្ត Lamborghini និង Rolls-Royce ផងដែរ ៕
ប្រភព: VN Express