រដ្ឋាភិបាលជប៉ុននឹងបញ្ចេញកញ្ចប់ជំនួយបន្ថែម ១០០ លានដុល្លារ ទៅលើផ្នែកសប្បុរសធម៌ទៅកាន់ប្រទេសអ៊ុយក្រែន និងប្រទេសជិតខាងផ្សេងទៀត។ នេះបើតាមការប្រកាសពីក្រសួងការបរទេសកាលពីថ្ងៃអង្គារ។
កញ្ចប់ជំនួយនេះនឹងត្រូវយកទៅប្រើប្រាស់លើជំនួយផ្នែកវេជ្ជសាស្ត្រ និងការខិតខំរកចំណីអាហារ ក៏ដូចជាផ្គត់ផ្គង់ដល់ប្រទេសនៅក្បែរៗនោះដូចជា ប៉ូឡូញ ម៉ុលដាវី និងរូម៉ានីជាដើម។
ប្រភពខាងលើបានអះអាងទៀតថា កញ្ចប់ជំនួយមួយនេះបានជួយដល់អ៊ុយក្រែនសរុប ២០០ លានដុល្លារ គិតចាប់ពីបញ្ចេញថវិកាជំនួយលើកដំបូងកាលពីថ្ងៃទី ១១ មីនាកន្លងទៅ។
“រដ្ឋាភិបាលជប៉ុននឹងនៅតែបន្តផ្គត់ផ្គង់ និងបង្ហាញជំហរជាមួយនឹងប្រជាពលរដ្ឋអ៊ុយក្រែនដែលកំពុងជួបបញ្ហាលំបាក និងស្វះស្វែងរកជំនួយបន្ថែមពីសមាគមន៍អន្តរជាតិផ្សេងៗ រួមទាំងសមាជិក G7 ផងដែរ”។
បញ្ជាក់ដែរថា គិតមកទល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឈានចូលដល់សប្ដាហ៍ទី ៧ ហើយ គិតចាប់តាំងពីថ្ងៃទី ២៤ កុម្ភៈ ខណៈ UN បានរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់ជាង ១ ០០០ នាក់បានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍មួយនេះ៕
ប្រភព: CNN