មហាសេដ្ឋី​ Elon Musk ក្លាយជា​ម្ចាស់ភាគហ៊ុន​ធំ​បំផុត​របស់​ក្រុមហ៊ុន Twitter

អន្តរជាតិ

កាលពី​សប្ដាហ៍មុន​ មុន​ពេលទីផ្សារ​ហ៊ុន​បិទ​ការ​ជួញដូរ​កាលពី​ថ្ងៃសុក្រ មហាសេដ្ឋី Elon Musk បាន​ចំណាយ​លុយ​ប្រមាណ ២,៨៩ ពាន់​លាន​ដុល្លារ សម្រាប់​ការ​ទិញ​ភាគហ៊ុន​ប្រមាណ ៩,២% របស់ Twitter និង​បាន​ក្លាយ​ជា​ម្ចាស់ភាគហ៊ុន​ធំ​បំផុត​នៃ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ខ្នាត​យក្ស​មួយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់​ពី​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​មួយ​នៃ Twitter ឥទ្ធិពល​របស់​មហាសេដ្ឋី​អាមេរិក​បាន​ធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​នៃ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​មួយ​នេះ​កើនឡើង ២៦% កាលពី​ថ្ងៃ​ច័ន្ទ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី Time។

បញ្ជាក់​ដែរ​ថា Elon Musk តែងតែ​បង្ហោះ​សារ​ជា​រឿយៗ​នៅ​លើ​ Twitter និង​បាន​ហៅ​ខ្លួន​លោក​ថា ជា Influencer មួយ​រូប​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ ជាពិសេស​គឺ​បង្ហោះ​សារ​ទាក់ទង​នឹង​ព័ត៌មាន​កាក់​ឌីជីថល​ផ្សេងៗ​តែ​ម្ដង។

គណនី​ Twitter ផ្លូវការ​របស់​ស្ថាបនិក​ក្រុមហ៊ុន SpaceX មាន​អ្នក Follower ដល់​ទៅ ៨០ លាន​គណនី ហើយ​ខែ​មុន​លោក​បាន​ស្នើសុំ​ឲ្យ Twitter អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​ឯករាជ្យ តែ​សំណើ​មួយ​នេះ​ត្រូវបាន​បរាជ័យ​ ក្រោយ​មាន​មតិ​បដិសេធ ៧០%។

ក្រឡេក​ទៅ​មើល Twitter ឯណោះ​វិញ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​នាយក​ប្រតិបត្តិ​ថ្មី Parag Agrawal បាន​សន្យា​ថា នឹង​បង្កើន​ចំណូល​ប្រចាំឆ្នាំ​ឲ្យ​បាន ៧,៥ ពាន់​លាន​ដុល្លារ ជាមួយ​អ្នកប្រើប្រាស់ ៣១៥ លាន​នាក់​ជារៀងរាល់​ថ្ងៃ​នៅ​ឆ្នាំ ២០២៣ ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ​ជាប់ឈ្មោះ​ជា​បណ្ដាញ​សង្គម​យក្ស​លេខ ១៥ នៅ​លើ​ពិភពលោក​ដែល​មាន​អ្នកប្រើប្រាស់​ច្រើន​បំផុត៕

ប្រភព: saharareporters