គូស្នេហ៍ Cristiano Ronaldo និង Georgina Rodriguez គឺជាគូស្នេហ៍ដែលមានឥទ្ធិពលមួយគូនៅលើពិភពលោក ដោយមានអ្នកគាំទ្រជាច្រើនលាននាក់នៅលើបណ្ដាញសង្គមផ្សេង និងរកបានចំណូលខ្ទង់សែនដុល្លារក្នុងមួយខែពីការផ្សព្វផ្សាយផលិតផលនានា។

ជាការពិត អតីតបុគ្គលិកបម្រើការងារនៅហាង Gucci អាចរកបានចំណូលប្រហែល ៨ ០០០ អឺរ៉ូ ឬប្រហែល ៩ ០០០ ដុល្លារជារៀងរាល់ខែពីកុងត្រាថតផ្សាយផលិតផលផ្សេងៗ ប៉ុន្តែវាមិនមែនជាប្រភពចំណូលតែមួយរបស់នាងឡើយ។

បើតាមការចុះផ្សាយពី Viva La Vida បានឲ្យដឹងថា ក្រៅពីបានចំណូលពីការផ្សព្វផ្សាយផលិតផលហើយ នាង Georgina ក៏នៅទទួលបានទឹកប្រាក់ប្រមាណ ១០០ ០០០ អឺរ៉ូ ឬជាង ១០ ម៉ឺនដុល្លារជារៀងរាល់ខែពី Cristiano Ronaldo ផងដែរ។

ប្រភពដដែលបន្ថែមថា ទឹកប្រាក់ដែល CR7 ផ្ដល់ឲ្យគូស្នេហ៍គឺសម្រាប់គិតគូដល់ការមើលថែទាំងកូនៗរបស់លោក ហើយបើសិនជា Georgina ត្រូវការច្រើនជាងនេះ លោកក៏នឹងមិនរារែកក្នុងការផ្ដល់ឲ្យនាងដែរ ដ្បិតចំណូលប្រចាំខែរបស់កីឡាករបាល់ទាត់ម្នាក់នេះក៏មានរាប់សែនដុល្លារដូចគ្នា៕
ប្រភព: Marca