រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីរបស់ប្រទេសស្រីលង្កា លោក Ali Sabry កាលពីថ្ងៃអង្គារ បានប្រកាសលាលែងចេញពីតំណែងវិញ ត្រឹមតែរយ:ពេលមួយថ្ងៃ ក្រោយប្រធានាធិបតី លោក Gotabaya Rajapaksa បានតែងតាំង ឱ្យចូលជំនួសតំណែងប្អូនប្រុសរបស់ខ្លួន គឺលោក Basil Rajapaksa ចំពេលស្រីលង្កា កំពុងមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ។
គួរឱ្យដឹងថា រដ្ឋមន្ត្រីរូបនេះ បានស្បថចូលកាន់តំណែង កាលពីថ្ងៃចន្ទ ដើម្បីក្លាយជាផ្នែកមួយ ក្នុងការចូលកាន់តំណែងបណ្តោះអាសន្ន ក្នុងការស្វែងរកវិធីដោះស្រាយវិបត្តិ និងលុបបំបាត់បំណុលរបស់ប្រទេស ដើម្បីជាគន្លឹះមួយ ក្នុងការទទួលបានការគាំទ្រពីមូលនិធិរូបិយវត្ថុអន្តរជាតិ ។
បញ្ជាក់ទៀតថា លោកAli Sabry ស្ថិតនៅក្នុងចំណោមរដ្ឋមន្ត្រីថ្មីទាំងបួនរូប ដែលត្រូវបានតែងតាំងដោយប្រធានាធិបតី លោក Rajapaksa កាលពីថ្ងៃចន្ទ ។
ប៉ុន្តែយ៉ាងណាក៏ដោយ វាមិនមានហេតុផលផ្លូវការណាមួយ ត្រូវបានផ្តល់ឱ្យដឹងនោះឡើយ ជុំវិញការសម្រេចចិត្តលាលែងចេញពីតំណែងរបស់លោក Sabry វិញ ក្រោយទើបតែងតាំងបានត្រឹមមួយថ្ងៃ ។
ប្រទេសស្រីលង្កាបច្ចុប្បន្ន កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្ត ជាមួយនឹងការខ្វះខាតរយ:ពេលវែងនៃប្រេងឥន្ធន: ការកើនឡើងនៃតម្លៃហ្គាស ការផ្គត់ផ្គង់មានភាពខ្វះខាត និងការដាច់ចរន្តអគ្គិសនីជាច្រើនម៉ោង ដែលធ្វើឱ្យប្រជាជន រងទុក្ខលំបាកអស់ពេលជាច្រើនខែកន្លងមកនេះ ៕
ប្រភព: First Post