កាលពីពេលថ្មីៗនេះ សារព័ត៌មាន Reuters បានអះអាងថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា ទណ្ឌកម្មដែលរុស្ស៊ីកំពុងជួបប្រទះបច្ចុប្បន្ន ដែលជាស្នាដៃរបស់ប្រទេសលោកខាងលិច នឹងបណ្ដាលឲ្យកើតមានជាបញ្ហាកង្វះចំណីអាហារទូទាំងពិភពលោក។

ថ្នាក់ដឹកនាំខាងលើបានសង្កត់ធ្ងន់ថា កាលណាការកាត់បន្ថយថាមពល និងជីកាន់តែច្រើន នោះប្រទេសលោកខាងលិចនឹងត្រូវតែបោះពុម្ពលុយបន្ថែមដើម្បីទិញទំនិញ ដែលនេះនឹងធ្វើឲ្យប្រទេសក្រីក្រជាច្រើននឹងជួបប្រទះបញ្ហាកង្វះស្បៀងអាហារ។

“បញ្ហាកង្វះស្បៀងអាហារគឺច្បាស់ជាមិនអាចគេចរួចឡើយ ជាពិសេសគឺនៅតំបន់ក្រីក្រ ហើយវានឹងបណ្ដាលឲ្យមានការចំណាកស្រុកកើនឡើង ហើយជាទូទៅតម្លៃស្បៀងអាហារនឹងមានការឡើងថ្លៃ”។
ប្រធានាធិបតីរូបនេះបានប្រាប់ទៅកាន់ RT ទៀតថា៖ “ពួកយើងនឹងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្គត់ផ្គង់អាហារទៅកាន់ក្រៅប្រទេស ជាពិសេសគឺទៅកាន់ប្រទេសដែលបញ្ចេញក្រចកដាក់យើង”។

បញ្ជាក់ដែរថា កាលពីសប្ដាហ៍មុនអតីតប្រធានាធិបតី Dmitry Medvedev បានទម្លាយថា រុស្ស៊ីនឹងមិនធ្វើពាណិជ្ជកម្មអន្តរជាតិសម្រាប់ផលិតផលនានា ជាពិសេសគឺផលិតផលកសិកម្មទៅកាន់ប្រទេសបច្ចាមិត្តឡើយ។

ដោយឡែក រុស្ស៊ី និងអ៊ុយក្រែនគឺជាអ្នកនាំចេញដ៏ធំបំផុតផ្នែកស្រូវសាលី និងពោតទូទាំងពិភពលោក ខណៈរុស្ស៊ីគ្រប់គ្រងការនាំចេញស្រូវសាលី ១៧% ទូទាំងសកលលោក។ នេះបើតាមរបាយការណ៍ពី ING៕
ប្រភព: Yahoo