ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa នឹងមិនចុះចេញពីតំណែងជាដាច់ខាត បើទោះជាប្រជាពលរដ្ឋជាច្រើននាក់កំពុងពពាក់ពពូនគ្នាធ្វើបាតុកម្មទាមទារឲ្យរូបលោកចុះចេញពីមុខតំណែងកំពូលមួយនេះក្ដី។
មូលហេតុដែលប្រជាពលរដ្ឋមានការខឹងសម្បារជាមួយនឹងលោក Gotabaya ខ្លាំងក្លាបែបនេះ គឺដោយសារចន្លោះប្រហោងនៃការគ្រប់គ្រងស្ថានការណ៍សេដ្ឋកិច្ចក្នុងប្រទេស ដែលបណ្ដាលឲ្យសេដ្ឋកិច្ចនៃប្រទេសស្រីលង្កាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងវិបត្តិដ៏ឈឺក្បាលបំផុតមួយ។
ដោយឡែក មន្ត្រី Johnston Fernando បានប្រាប់ទៅកាន់ Parliament កាលពីថ្ងៃពុធថា៖ “ខ្ញុំសូមរំលឹកថា ប្រជាពលរដ្ឋប្រមាណ ៦,៩ លាននាក់បានបោះឆ្នោតសម្រាប់ប្រធានាធិបតី ហើយក្នុងនាមជារដ្ឋាភិបាល ពួកយើងសូមបញ្ជាក់ថា ប្រធានាធិបតីនឹងមិនចុះចាញ់ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ពួកយើងនឹងប្រឈមមុខជាមួយបញ្ហាមួយនេះ”។
បញ្ជាក់ដែរថា កាលពីថ្ងៃអង្គារកន្លងទៅ ប្រធានាធិបតី Gotabaya បានលុបចោលសេចក្ដីប្រកាសដាក់ប្រទេសក្នុងភាពអាសន្នភ្លាមៗ បើទោះជាវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរទៅៗ ដែលវាបានធ្វើឲ្យការខ្ចីប្រាក់ពីមូលនិធិរូបិយប័ណ្ណអន្តរជាតិ IMF កាន់តែពិបាក។
ស្ថានការណ៍បច្ចុប្បន្នគឺនៅចំណុចគួរឲ្យបារម្ភ ដោយសារវិបត្តិសេដ្ឋកិច្ចបានធ្វើឲ្យការផ្គត់ផ្គង់ប្រេងមានការខ្វះខាត ហើយការផ្ដាច់ចរន្តអគ្គិសនីរឹតតែធ្វើឲ្យប្រជាពលរដ្ឋមានភាពច្របូកច្របល់ថែមទៀត។
ក្រឡេកទៅមើលមូលហេតុដែលបង្កឲ្យស្រីលង្កាធ្លាក់ចូលរណ្ដៅសេដ្ឋកិច្ចគឺ តាំងពីដើមឡើយ ស្រីលង្កាមានភាពទន់ខ្សោយខ្លាំងផ្នែកហិរញ្ញវត្ថុ ពោលគឺមានចំណូលទាប បើធៀបប្រទេសជិតខាង។
ស្ថានការណ៍កាន់តែយ៉ាប់យ៉ឺននៅពេលដែល Mahindra បងប្រុសរបស់ប្រធានាធិបតីបច្ចុប្បន្នកាន់តំណែងនៅជួររដ្ឋាភិបាល ដោយបានកាត់បន្ថយពន្ធយ៉ាងច្រើននៅឆ្នាំ ២០២០ ស្របពេលការរាតត្បាតកូវីដ ១៩ ផង បានធ្វើឲ្យប្រទេសមួយនេះកាន់តែផុងខ្លួនជ្រៅក្នុងរណ្ដៅវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
នៅអំឡុងពេលនោះ IMF ធ្លាប់បានដាក់សំណើជួយដល់សេដ្ឋកិច្ចប្រទេសមួយនេះផងដែរ ក៏ប៉ុន្តែត្រូវបានបដិសេធពីរដ្ឋាភិបាលជាច្រើនខែ បើទោះជាអ្នកជំនាញហិរញ្ញវត្ថុ និងមេគណបក្សប្រឆាំងជាច្រើនស្នើឲ្យរដ្ឋាភិបាលគួរតែសុំជំនួយពីក្រៅក៏ដោយ។
ជាលទ្ធផល ទុនបម្រុងជាតិរបស់ស្រីលង្កាមានត្រឹមជាង ២ ពាន់លានដុល្លារ ខណៈបំណុលដែលត្រូវទូទាត់នៅរយៈពេលប៉ុន្មានខែទៀតនៃឆ្នាំនេះ គឺមានចំនួនដល់ទៅជាង ៤ ពាន់លានដុល្លារឯណោះ។ នេះបើតាមការចុះផ្សាយពី Reuters៕
ប្រភព: Hindustantimes