ឥណ្ឌា បញ្ជាក់ថានឹងបន្តធ្វើឱ្យមានស្ថិរភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយរុស្ស៊ី បើទោះបីមានការសម្លាប់លើជនស៊ីវិល

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលប្រទេសរបស់ខ្លួន កំពុងតែធ្វើការឱ្យមានស្ថិរភាពចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយរុស្ស៊ី ពោលគឺត្រឹមតែរយ:ពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌា បានធ្វើការថ្កោលទោសទៅលើការសម្លាប់ជនស៊ីវិល នៅអ៊ុយក្រែន និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង លោក S.Jaishankar បានប្រាប់សមាជិកសភា ក្នុងអំឡុងកិច្ចប្រជុំថា រុស្ស៊ីនៅតែបន្តជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មិនអាចខ្វះបាន ហើយកិច្ចខិតខំប្រឹងប្រែងរបស់យើង កំពុងដំណើរការឆ្ពោះទៅរកស្ថិរភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងឥណ្ឌា និងរុស្ស៊ី ។

គួរឱ្យដឹងថា ប្រទេសរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់សព្វាវុធ ដ៏សំខាន់របស់ឥណ្ឌា ប៉ុន្តែសម្រាប់ផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំវិញ គឺមានចំនួនតិចតួច ដែលជាមធ្យមមានប្រហែល ៩ ពាន់លានដុល្លារក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលភាគច្រើនជាផលិតផលជី និងប្រេងមួយចំនួន ។

មិនតែប៉ុណ្ណោះ ដោយយោងតាមប្រភពចុះផ្សាយផ្លូវការមួយ បាននិយាយថា រដ្ឋាភិបាលឥណ្ឌា ក៏នឹងសម្លឹងរកមើលការបង្កើតប្រព័ន្ធពាណិជ្ជកម្មតែមួយ រវាងប្រាក់រូពីឥណ្ឌា និងប្រាក់រូបរបស់រុស្ស៊ីផងដែរ ។

ដោយឡែក កាលពីថ្ងៃអង្គារ តំណាងអចិន្ត្រៃយ៍របស់ឥណ្ឌា ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខក្នុងអង្គការថា ឥណ្ឌា បានធ្វើការថ្កោលទោស ចំពោះការសម្លាប់ជនស៊ីវិល នៅក្នុងទីក្រុង Bucha ប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ចំពោះបញ្ហានេះ ។

តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងញូវដែលី បានអំពាវនាវម្តងហើយម្តងទៀត ឱ្យបញ្ចប់អំពើហិង្សាក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែបានបដិសេធ ចំពោះដំណោះស្រាយផ្សេងៗរបស់អង្គការសហប្រជាជាតិ ស្តីពីសង្គ្រាមមួយនេះ ដោយសារតែចង់ធ្វើឱ្យមានតុល្យភាព ចំពោះទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងប្រទេសលោកខាងលិច ៕

ប្រភព: CNA